មិនសរសើរមិនបាន! កូនខ្មែររូបនេះ ប្រើពេល ៣ ខែ យកដៃសងខាងគូររូបសម្ដេចព្រះសង្ឃរាជជួនណាត ក្នុងពេលតែមួយ
យុវជនប្រកបទៅដោយទេពកោសល្យមួយរូប កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរមិនដាច់ពីមាត់ នោះគឺដោយសារតែរូបលោក បានគូរគំនូររបស់សម្ដេចសង្ឃរាជ ជួនណាត ដែលចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេល ៤ ឆ្នាំដោយប្រើដៃទាំងសងខាង ដើម្បីគូរគំនូរនេះក្នុងពេលតែមួយ ហើយប្រើរយៈពេល ៣ ខែដើម្បីបញ្ចប់។
យុវជនដែលមានផេកឈ្មោះ Kakada Yi Artist បានបញ្ជាក់នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤ ឱ្យបានដឹងថា ក្នុងនាមលោកជាសិល្បៈករខ្មែរ លោកចង់បង្ហាញអ្វីដែលបានខិតខំសិក្សាស្រាវជ្រាវ និងចង់ឱ្យប្រទេសជិតខាងបានស្គាល់អំពីតម្លៃនៃវប្បធម៌និងសិល្បៈដ៏ចំណាស់មួយរបស់ខ្មែរ ព្រមទាំងបង្ហាញស្នាដៃសិល្បករបែបសម័យថ្មីផងដែរ។ ជាក់ស្ដែងគំនូរសម្ដេចសង្ឃរាជ ជួនណាត របស់លោក ដែលចង់បង្ហាញ ជាគំនូរដែលពិសេសដោយប្រើដៃទាំងពីរ គូរក្នុងពេលតែមួយ និងទាមទារឱ្យមានការប្រើភាពស្រមើស្រមៃខ្ពស់។
ទន្ទឹមគ្នានេះ ចំណុចទាក់ទាញរបស់រូបមួយនេះគឺ ប្រសិនបើយើងថតជាមួយនឹងទូរសព្ទដៃ វាមិនច្បាស់នោះទេ ប៉ុន្ដែប្រសិនបើមើលដោយភ្នែកផ្ទាល់ទើបមានអារម្មណ៍ថាគំនូរនេះហាក់បីដូចមានជីវិតពិត។ យុវជនរូបនេះ នឹងចាប់ផ្ដើមដាក់បង្ហាញវីដេអូតាមគេហទំព័ររបស់ខ្លួននៅថ្ងៃពិធីបុណ្យគម្រប់ព្រះជន្ម ១៤១ ឆ្នាំ របស់សម្ដេចសង្ឃរាជជួនណាតនៅក្នុងថ្ងៃទី ១៣ ខែមីនា ឆាំ្ន ២០២៤ នេះ។ ដូច្នេះប្រសិនបើបងប្អូន ពូមីង សិស្សានុសិស្ស លោក លោកស្រី ឯកឧត្តមនិងលោកជំទាវដែលចាប់អារម្មណ៍ទៅលើការងាររបស់យុវជនរូបនេះ គឺគាត់អាចចែកជូន ឬជាវអំពីរូបគំនូររបស់សម្ដេចសង្ឃជួនណាត ជាការបោះពុម្ព និងជាការធ្វើជា គំនូរឌីជីថល និងស្នាដៃផ្សេងៗដើម្បីឱ្យលោកមានថវិកា និងបង្កើតឱ្យកាសការងារនៅក្នុងប្រទេសកម្ពុជា ព្រមទាំងអាចលក់ផលិតផលពីក្នុងស្រុកទៅក្រៅប្រទេស៕