គួរឱ្យសោកស្តាយធនធានកម្រ អ្នកអភិរក្សបុរាណវិទ្យាវ័យក្មេងដ៏ឆ្នើម លោក ឯម ភារក្ស បានទទួលមរណភាព
ជីវិតមនុស្សយើងពិតជាមិនទៀងទាល់តែសោះ មនុស្សល្អៗ ធនធានកម្រ បែរជាបាត់បង់ទៅត្រឹមតែមួយប៉ប្រិចភ្នែក។ ថ្មីៗនេះ មានដំណឹងដ៏គួរឱ្យសោកស្តាយ ដែលកំពុងតែចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយអ្នកអភិរក្សបុរាណវិទ្យាវ័យក្មេងដ៏ឆ្នើមមួយរូបឈ្មោះ ឯម ភារក្ស បានទទួលមរណភាព។
តាមរយៈដំណឹងដែលបង្ហោះដោយលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និង ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកបានសរសេរសារភ្ជាប់មកជាមួយរូបភាពរបស់លោក ឯម ភារក្ស ថា ៖ «លាហើយ ភារក្ស កាលនៅរៀន លោក ឯម ភារក្ស ចូលចិត្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌ណាស់ រៀនចប់ហើយក៏ទៅធ្វើការក្នុងវិស័យបុរាណវិទ្យា កិច្ចការអភិរក្ស ថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ លោកស្រឡាញ់ការងារណាស់ ប្រឹងប្រែងណាស់ អត់ធ្មត់ណាស់ ឥឡូវលោកសម្រាកក្នុងសេចក្តីស្ងប់រហូតហើយ»។
តាមរយៈគណនីហ្វេសប៊ុករបស់លោក ឯម ភារក្ស លោកបម្រើការងារនៅអាជ្ញាធរជាតិសំបូរព្រៃគុក និង ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកមានពាក្យស្លោកដាក់នៅលើគណនីរបស់ខ្លួនមួយឃ្លាយ៉ាងខ្លីថា «ប្រើជីវិតឱ្យមានន័យដើម្បីគ្រួសារ និងសង្គមជាតិ»។ តាមរយៈការចែកចាយដំណឹងបន្តគ្នា លោក ឯម ភារក្ស ទទួលមរណភាព ដោយហេតុគ្រោះថ្នាក់ចរាចរណ៍៕