(វីដេអូ) មុនចាកលោក នាងតូច Jailyn វ័យទើប ១៦ ខែ ស្រែកយំដង្ហោយហៅរកម្តាយទាំងសំឡេងស្អកអស់កម្លាំង គួរឱ្យសង្វេគណាស់
ថ្មីៗនេះ រឿងក្តីមួយបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមដោយក្តីស្លុតចិត្ត លាយឡំនឹងកំហឹងឆាបឆួល ដែលរឿងនោះជារឿងរ៉ាវរបស់ក្មេងស្រីអាយុ ១៦ ខែម្នាក់ ត្រូវបានម្តាយចិត្តអប្រិយទុកចោលឱ្យនៅក្នុងម្នាក់ឯងរយៈពេល ១០ ថ្ងៃ រួចគេចទៅដើរលេងជាមួយសង្សារ រហូតទាល់តែនាងតូចបាត់បង់ជីវិត។
អ្វីដែលធ្វើឱ្យមហាជនតក់ស្លុតរំជួលចិត្តបំផុត គឺជាវីដេអូសំឡេងដែលនាងតូច Jailyn បានស្រែកហៅម្តាយ នៅយប់ដែលនាងទ្រាំទ្រភាពអត់ឃ្លាន និង ភាពភ័យខ្លាចលេងបានទៅទៀត។ តាមវីដេអូបានឱ្យឃើញថា បានស្រែកយំមួយទំហឹង ទាំងសំឡេងស្អកខ្លាំង ព្រោះតែខ្វះជាតិទឹកមកជាច្រើនថ្ងៃ នាងបានស្រែកហៅម្តាយយ៉ាងគ្រលួច ទាំងមិនដឹងសោះថាម្តាយនេះហើយដែលដាច់ចិត្តទុកនាងចោលឱ្យនៅក្នុងផ្ទះតែម្នាក់ឯង។
យ៉ាងណាមិញ ក្រោយពីម្តាយមកពីដើរលេងវិញ បានឃើញនាងតូច ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ តែរាងកាយនាងមានភាពស្គមស្គាំងជាខ្លាំង ពោលគឺនាងនៅសល់ទម្ងន់មិនដល់ ៣ គីឡូនោះទេ ជាអកុសលនាងក៏បានបាត់បង់ជីវិតទៅ។ អ្វីដែលហួសចិត្តទៀតនោះ មាត់របស់នាងពេញទៅដោយស្នាមលាមក ដែលបញ្ជាក់ថានាងបានស្រែកឃ្លានរហូតដល់ញ៉ាំលាមកខ្លួនឯង។
គួរឱ្យដឹងដែរថា រឿងរ៉ាវមួយនេះ បានកើតឡើងតាំងពីខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ហើយរឿងក្តីក៏បានដំណើរមកដល់ឆ្នាំ ២០២៤ ដែលថ្មីៗនេះស្រ្តីជាម្តាយក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ក្រោមបទមនុស្សឃាត និង បទផ្សេងៗជាច្រើនផងដែរ៕