រដ្ឋបាលកំពង់ស្ពឺ បង្ហាញគំរូប្លង់នៃគម្រោងសាងសង់សួនច្បារ និង ផ្លូវដើរប្រវែង ៩ គីឡូម៉ែត្រ អមសងខាងស្ទឹងព្រែកត្នោត ស្អាតណាស់!
តាមរយៈឯកឧត្តម សាយ សំអាល់ នៅថ្ងៃទី ០៤ ខែមេសានេះ បានបង្ហាញប្លង់គំរូដ៏ស្រស់ស្អាត អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង កែលម្អស្ទឹងព្រែកត្នោត នៅខេត្តកំពង់ស្ពឺ ព្រមទាំងបញ្ជាក់ពីវត្តមានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ រួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានចុះពិនិត្យទីតាំងនៃការសិក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង កែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន និង ចុះសួរសុខទុក្ខបងប្អូន ក្រុមការងារយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំពោះគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ បើតាមការឱ្យដឹងពី រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង កែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន វាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ ដែលគម្រោងនេះត្រូវបានផ្ដួចផ្ដើមគំនិតដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ និងសុរិយោដី និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
គួរឱ្យដឹងដែរថា គម្រោងនេះគឺជាការស្ថាបនាបែបសួនច្បារ និង ផ្លូវធ្វើដំណើរប្រវែង ៩ គីឡូម៉ែត្រ អមសងខាងស្ទឹងព្រែកតោ្នតដើម្បីទុកឱ្យប្រជាពលរដ្ឋដើរកម្សាន្ដ និង ហាត់ប្រាណ។ ខណៈគម្រោងនេះកំពុងត្រូវបានរដ្ឋបាលខេត្ដ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ធ្វើការសិក្សាលម្អិតមុនចាប់ផ្ដើមសាងសង់ហើយ៕