ម្ដាយផឹកថ្នាំបុរាណមិនផឹកថ្នាំពេទ្យបើកឱ្យ ស្រាប់តែកូនកើតមកបាន ១១ ថ្ងៃឡើងជាំពេញខ្លួន និងមានហូរឈាមតាមផ្ចិតគួរឱ្យអាណិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរទៅកាន់ទារកដែលទើបតែកើត ដោយសារតែម្ដាយរបស់គេបានប្រើប្រាស់ថ្នាំបុរាណខ្មែរជំនួសឱ្យថ្នាំពេទ្យ បណ្ដាលឱ្យទារកកើតមកមានលក្ខណៈឡើងជាំលើស្បែក និង មានហូរឈាមតាមផ្ចិតទៀតផង។
ទាក់ទិនទៅនឹងរឿងរ៉ាវដែលកំពុងផ្ទុះការចែករំលែកនេះ បើតាមគណនីគ្រូពេទ្យដែលមានឈ្មោះ Chhorn Samnang បានបង្ហោះនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ឱ្យបានដឹងថា ករណីខាងលើ កើតឡើង ដោយសារតែលទ្ធផលថ្នាំខ្មែរ (ឫសឈើ មែកឈើ) និង ស្រាថ្នាំ។
គ្រូពេទ្យរូបនេះ បានបញ្ជាក់បន្ថែមថា ទារកដែលមានបញ្ហាសុខភាពនេះបានកើតនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ថ្មីៗនេះ ខណៈម្ដាយរបស់ទារកបានសម្រេចចិត្តជ្រើសរើសផឹកថ្នាំបុរាណ មិនផឹកថ្នាំដែលពេទ្យបើកឱ្យ (គ្រាប់ថ្នាំជាតិដែក) និង អាំងភ្លើង ជាលទ្ធផលក្រោយកើតបាន ១១ ថ្ងៃ ពោលគឺនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ ទារកមានលក្ខណៈឡើងជាំលើស្បែក និង មានហូរឈាមតាមផ្ចិត៕