កោតធ្វើទៅរួច! នាំគ្នាចូលទៅបន្លំលួចលុយតាចាស់អាយុ ៨៦ ឆ្នាំ ទាំងលុយនោះគាត់សន្សំទុកមើលប្រពន្ធដេកឈឺលើគ្រែ
មហាជននៅតាមបណ្តាញសង្គមរបស់ប្រទេសថៃ កំពុងតែហួសចិត្តមិននឹកស្មានទៅលើករណីរបស់ស្រ្តី ២ នាក់ ដែលដាច់ចិត្តឌុបគ្នា ចូលទៅបន្លំលួចលុយតាចាស់អាយុ ៨៦ ឆ្នាំដល់ក្នុងផ្ទះ ទាំងដែលលុយនោះ លោកតាខំសន្សំជាក្តីសង្ឃឹមទុកមើលជំងឺប្រពន្ធដែលកំពុងដេកនៅនឹងគ្រែ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅខេត្តជ័យភូមិ ប្រទេសថៃ ដោយតាមព័ត៌មានបានឱ្យដឹងថា លោកតាខាងលើមានវ័យ ៨៦ ឆ្នាំ មានប្រពន្ធអាយុ ៨៥ ឆ្នាំ ដែលកំពុងតែដេកឈឺនៅគ្រែ និងកូនស្រីវ័យ ៦៥ ឆ្នាំ។ នៅថ្ងៃកើតហេតុ មានស្រ្តី ២ នាក់ បានជិះឌុបគ្នាចូលមកផ្ទះលោកតា ដោយធ្វើជាស្និទ្ធស្នាលសួរនាំមកទិញស្មុគ ហើយអះអាងថាខ្លួនជាកូនចៅអ្នកនៅស្រុកនេះដូចគ្នា។
យ៉ាងណាមិញ កំពុងនិយាយគ្នាសុខៗ ស្រាប់តែស្រ្តីម្នាក់បានសុំទៅបត់ជើងនៅចម្ការចេកក្រោយផ្ទះ ហើយមួយសន្ទុះមកក៏ត្រឡប់មកវិញ ដោយបានបបួលស្រ្តីជាគ្នាដែលមកជាមួយនោះ ថាប្រញាប់យកឆ្នោតទៅឱ្យម៉ូយ រួចក៏ជិះម៉ូតូចេញទៅបាត់ទៅ។ ក្រោយមក លោកតាក៏កើតការសង្ស័យ បានដើរទៅមើលកាបូបលុយ ដែលសន្សំប្រាក់ទុកបានប្រមាណ ៤ ០០០ ដុល្លារ ដែលសម្រាប់ចាយវាយប្រចាំថ្ងៃ និងទុកមើលជំងឺប្រពន្ធ ក៏ឃើញថាបាត់ស្រមោលលុយទាំងអស់តែម្តង៕