ចែកគ្នាដឹង! ករណីបាត់ ឬ ខូចសំបុត្រកំណើតច្បាប់ដើម មិនអាចសុំធ្វើលើកទី ២ បានទេ តែអាចស្នើសុំជាវិធីនេះវិញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាពេលថ្មីៗនេះ បានចែករំលែកចំណេះដឹងទៅនឹងការស្នើសុំសេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ខណៈករណីបាត់ ឬខូចសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម សាមីខ្លួនមិនអាចស្នើសុំធ្វើជាលើកទី ២ បានទេ។
ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ករណីបាត់ ឬខូចសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម សាមីខ្លួនមិនអាចស្នើសុំធ្វើជាលើកទី ២ បានទេ តែសាមីខ្លួនអាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះ សម្រាប់ជាឯកសារទុកប្រើប្រាស់ជាផ្លូវការបាន នៅសាលាក្រុង ស្រុក ខណ្ឌដែលបានចុះ និង តម្កល់ទុកគល់បញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋានមុខបុរីប៉េង ហួតបឹងស្នោ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញ នឹងរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនលោកអ្នក៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង