គេថាញ៉ាំល្ពៅធ្វើឱ្យស្បែកស្អាត តែកុំភ្លេចខ្លួនបើញ៉ាំច្រើនហួសកម្រិត អ្នកអាចនឹងកើតជំងឺម្យ៉ាងនេះ
ល្ពៅ គឺជាផ្លែឈើមួយប្រភេទ ដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន និង អាចយកច្នៃចេញជាអាហារច្រើនប្រភេទ មិនថាជាភេសជ្ជៈ បង្អែម ឬ សម្លនោះទេ។ យ៉ាងណាមិញ មនុស្សមួយចំនួនដែលចូលចិត្តញ៉ាំល្ពៅ ធ្លាប់មានចម្ងល់ថា តើការញ៉ាំល្ពៅច្រើនញឹកញាប់ អាចបង្កជាជំងឺខាន់លឿងឬអត់?
ចម្លើយនោះគឺថាការទទួលទានល្ពៅច្រើនលើសកម្រិតពិតជាអាចបង្កជាជំងឺខាន់លឿងមែន។ ផ្លែល្ពៅ គឺផ្ទុកនូវសារធាតុ beta-carotene ច្រើន ដោយជាធម្មតាសារធាតុនេះ ជ្រាបចូលទៅក្នុងរាងកាយ និង បំប្លែងទៅជាវីតាមីន A។ ដូច្នេះហើយ ប្រសិនបើរាងកាយយើងស្រូបយកសារធាតុ beta-carotene ច្រើនខ្លាំងពេកក្នុងរយៈពេលយូរ នោះសារធាតុនេះនឹងស្តុកទុកក្នុងកោសិកាខ្លាញ់ក្រោមស្បែក ដែលជាហេតុបង្កឱ្យកើតទៅជាជំងឺខាន់លឿង។
បន្ថែមពីនេះ មិនមែនតែល្ពៅមួយមុខនោះឡើយ សូម្បីតែផ្លែការ៉ុត និង ដំឡូងជ្វា ពពួកនេះគឺសុទ្ធតែផ្ទុកសារធាតុ beta-carotene ច្រើន ហើយប្រសិនបើទទួលទានវាច្រើនពេកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ នោះវានឹងបង្កទៅជាជំងឺខាន់លឿង។ បែបនេះហើយ មនុស្សគ្រប់គ្នាគួរតែព្យាយាមទទួលទានផ្លែឈើ និង បន្លែឱ្យសមរម្យល្មមល្អចំពោះសុខភាព ជៀសវាងការទទួលទានឱ្យលើសកម្រិត។
យ៉ាងណាមិញ ប្រិយមិត្តកុំទាន់បារម្ភ ការកើតជំងឺខាន់លឿងពីការទទួលទានបន្លែ ឬ ផ្លែឈើលើសកម្រិតនេះ គឺមិនបង្កជាគ្រោះថ្នាក់អ្វីដល់សុខភាពនោះឡើយ គ្រាន់តែស្បែករបស់យើងប្រែទៅជាលឿងប៉ុណ្ណោះ។ បើចង់ឱ្យវិលមករកសភាពដើមវិញ គឺគ្រាន់តែកាត់បន្ថយ ឬ ផ្អាកទទួលទានអាហារណាដែលមានសារធាតុ beta-carotene ខ្ពស់ទៅ នោះស្បែកនឹងប្រែមកជាធម្មតាវិញហើយ៕