ចូលដល់រដូវវស្សា ផ្កាចាហួយនៅតំបន់ខ្នងផ្សា ចាប់ផ្ដើមរីកស្គុះស្គាយហើយ ក្នុងមួយឆ្នាំរីកតែម្ដងប៉ុណ្ណោះ
ខ្នងផ្សា ជាតំបន់ទេសចរណ៍ធម្មជាតិប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលមានទីតាំងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។
ឈានចូលមកដល់រដូវវស្សានេះ នៅតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សា ខ្នងក្រពើ ខ្នងសំពៅ ពេលនេះចាប់ផ្តើមមានផ្កាចាហួយរីកស្រស់ស្អាតរហង់ទៀតហើយ អាចឱ្យប្រិយមិត្តទៅទស្សនាកម្សាន្ត គេងបោះតង់បាន នាតំបន់ដ៏ស្រស់ត្រកាលមួយនេះ។ នេះបើតាមការបង្ហោះបញ្ជាក់ឱ្យដឹងពីអ្នកនាំភ្ញៀវឡើងទៅទស្សនាភ្នំខ្នងផ្សា ដែលមានគណនីឈ្មោះ នំ រ៉ាគឺន ខ្នងផ្សា។
ក្នុងនោះផងដែរ មគ្គុទេសចរណ៍សហគមន៍រូបនេះ ក៏បានអំពាវនាវផងដែរថា ក្នុងរដូវកាលដែលមានផ្កាចាហួយរីកស្គុះស្គាយ នៅភ្នំខ្នងផ្សា ខ្នងសំពៅ ខ្នងក្រពើ នេះ សូមបងប្អូនមេត្តាកុំដក ឬបេះផ្កានេះអី ដើម្បីឱ្យអ្នកមកក្រោយៗបានទស្សនាដូចគ្នា ដ្បិតថាផ្កាចាហួយនេះ ១ ឆ្នាំរីកបានតែម្ដងទេ៕