ទ្រាំមិនមាត់-កយូរហើយ! ពេលនេះ កូរ៉េខាងត្បូងត្រៀមដំឡើងមៃក្រូធំៗ ចាក់តម្លង់ទៅកូរ៉េខាងជើងវិញ
មួយរយៈក្រោយនេះ គេសង្កេតឃើញថាប្រទេសកូរ៉េខាងជើង និង ប្រទេសកូរ៉េខាងត្បូង កំពុងតែមានការរកាំរកូសជាមួយគ្នាជាខ្លាំង ជាពិសេសនោះ គឺកូរ៉េខាងត្បូងបានទទួលការវាយប្រហារពីកូរ៉េខាងជើង ជាការបង្ហោះប៉ឺតប៉ោងផ្ទុករបស់ស្មោកគ្រោគជាង ១០០០ ប៉ឺតប៉ោងទៅហើយចូលមកក្នុងទឹកដីរបស់ខ្លួន។
យ៉ាងណាមិញ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ កូរ៉េខាងត្បូង ក៏ត្រៀមទប់ទល់ទៅនឹងកូរ៉េខាងជើងវិញ ជាការដំឡើងឧបករណ៍បំពងសំឡេងខ្នាតធំនៅតាមជាយដែន ដើម្បីដាក់តម្លង់ទៅកាន់កូរ៉េខាងជើង។ ក្នុងនោះ កូរ៉េខាងត្បូងធ្លាប់បានដំឡើងឧបករណ៍បំពងសំឡេងនេះលើកចុងក្រោយ គឺកាលពីឆ្នាំ ២០១៥ កន្លងទៅ ដែលកាលនោះ គេបានចាក់ជាមតិការរិះគន់ផ្សេងទៅលើការដឹកនាំរបស់លោក Kim Jung Un ព័ត៌មានអន្តរជាតិជាមួយនឹងបទចម្រៀង K-pop មួយចំនួនទៀតផង។
ដោយឡែក Kim Yo Jong ប្អូនស្រីរបស់លោក Kim Jung Un បានឱ្យដឹងថា បើសិនជាកូរ៉េខាងត្បូងហ៊ានដំឡើងឧបករណ៍សំឡេងនេះឡើង នោះកូរ៉េខាងជើងនឹងតបតទៅវិញម្តងទៀត ដោយគ្មានការសង្ស័យឡើយ៕