![ថ្ងៃអាទិត្យនេះ! ជួបផ្ទាល់វាគ្មិន Piyané សិក្ខាសាលាចែករំលែកគន្លឹះរំដោះខ្លួនពីជំងឺបាក់ទឹកចិត្ត-ថប់បារម្ភ និង ការពារពីការធ្វើអត្ត/ឃ-ាត](https://www.popular.com.kh/wp-content/uploads/2024/06/Master-for-Web-49.jpg)
ថ្ងៃអាទិត្យនេះ! ជួបផ្ទាល់វាគ្មិន Piyané សិក្ខាសាលាចែករំលែកគន្លឹះរំដោះខ្លួនពីជំងឺបាក់ទឹកចិត្ត-ថប់បារម្ភ និង ការពារពីការធ្វើអត្ត/ឃ-ាត
បច្ចុប្បន្ន ភាពមមាញឹក សម្ពាធ និង អារម្មណ៍តប់ប្រមល់ បានកំពុងតែវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ដូចឃើញជាក់ស្តែង ដោយសារតែបញ្ហានេះ កន្លងមកមនុស្សមួយចំនួនបានវិវត្តទៅជាជំងឺបាក់ទឹកចិត្ត (depression) ជំងឺថប់បារម្ភ (anxiety) ហើយខ្លះទៀតរហូតដល់ធ្វើអត្តឃាតទៀតផង។ ដើម្បីប្រឹក្សារកដំណោះស្រាយ និង លើកកម្ពស់ផ្លូវចិត្ត លោកអ្នកអាចចូលរួមជាមួយសិក្ខាសាលាមួយក្រោមប្រធានបទ « I AM WORTHY!» ដែលនឹងធ្វើឡើងនៅភ្នំពេញថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ នេះ។
សិក្ខាសាលាចូលរួមដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំឡើងដោយ វាគ្មិន Piyané ដោយនាងនឹងចែករំលែកអំពីរបៀបដោះស្រាយជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ រួមជាមួយការពិភាក្សាអំពីការការពារការធ្វើអត្តឃាតឬសម្លាប់ខ្លួន។ នាងមានវិញ្ញាបនបត្រត្រឹមត្រូវជាគ្រូបង្វឹក និង ជាអ្នកសម្របសម្រួលសមាធិ។
វាគ្មិន Piyané ត្រូវបានគេស្គាល់ថា ជាអ្នកនិយាយជាសាធារណៈដ៏មានឥទ្ធិពល និង ជាសហគ្រិនស្ត្រីជោគជ័យម្នាក់នៅកម្ពុជា និង អូស្ត្រាលី។ នាងបានរំដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្ត និង ការប៉ងសម្លាប់ខ្លួនដែលកន្លងទៅរយៈពេល ៧ ឆ្នាំមកហើយ។ រឿងរ៉ាវបទពិសោធរបស់នាងត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្តីល្បីៗនៅលើពិភពលោកដូចជា ទស្សនាវដ្ដី Marie Claire , ទស្សនាវដ្តី Country style , ទស្សនាវដ្តី WHO និង ថ្មីៗចុងក្រោយនេះ ទស្សនាវដ្តី Prestige។
នៅក្នុងសិក្ខាសាលាដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ២ ដល់ ម៉ោង ៥ រសៀលនេះ អ្នកចូលរួមនឹងបានស្វែងយល់អំពីចំណុចសំខាន់ៗដូចជា៖
- ស្វែងយល់ឫសគល់នៃអារម្មណ៍
- បង្កើនការអនុវត្តវិធីដើម្បីដំណោះស្រាយ
- បង្កើតបណ្តាញគាំទ្រ
- ទទួលបានគម្រោងច្បាស់លាស់ដើម្បីថែទាំផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសុខុមាលភាពចិត្តគំនិត
សុខភាពផ្លូវចិត្តពិតជាសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ កាលណាសុខភាពផ្លូវចិត្តល្អប្រសើរ ការធ្វើអ្វីគ្រប់យ៉ាងនឹងប្រកបទៅដោយរលូន។ ដូចនេះ សម្រាប់អ្នកមានបំណងចូលរួមសិក្ខាសាលានេះ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 61 776 174៕