![អត់រៀង! ផ្ទុះនាវាមុជទឹកបាន ១ ឆ្នាំ ឥលូវសហស្ថាបនិកក្រុមហ៊ុន OceanGate ប្រកាសមុជចុះទៅបាតសមុទ្រជាថ្មី](https://www.popular.com.kh/wp-content/uploads/2024/06/feature-96.jpg)
អត់រៀង! ផ្ទុះនាវាមុជទឹកបាន ១ ឆ្នាំ ឥលូវសហស្ថាបនិកក្រុមហ៊ុន OceanGate ប្រកាសមុជចុះទៅបាតសមុទ្រជាថ្មី
សហស្ថាបនិកក្រុមហ៊ុន OceanGate ដែលទើបតែជួបសោកនាដកម្មផ្ទុះនាវាមុជទឹក Titan ខណៈមានបំណងចុះទៅដល់ខ្មោចកប៉ាល់ ទីតានិច កាលពី ១ ឆ្នាំមុននោះ ឥលូវនេះ មានគម្រោងចេញដំណើរផ្សងព្រេងជាថ្មីទៀតហើយ ដោយលើកនេះចុះទៅប្រហោងខៀវជ្រៅបំផុតក្នុងសមុទ្រ «Portal of Hell» នៅ Bahamas។
លោក Guillermo Söhnlein ដែលស្គាល់ថាជាអតីតសហស្ថាបនិកក្រុមហ៊ុន OceanGate និងជាម្ចាស់ក្រុមហ៊ុន Blue Marble នោះ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសថា រូបលោក រួមជាមួយដៃគូ ២ នាក់ផ្សេងទៀត នឹងធ្វើដំណើរចុះទៅប្រហោងខៀវក្នុងសមុទ្រ Dean’s Blue Hole ដែលជាប្រហោងធំមួយក្នុងសមុទ្រ មានជម្រៅជាង ៦០០ ហ្វីត (ប្រមាណជាង ២០០ ម៉ែត្រ)។
បើទោះជាប្រហោងខៀវនេះ ធ្លាប់មានអ្នកមុជទឹក ចុះទៅស្រាវជ្រាវពីមុនមកហើយក្ដី ប៉ុន្តែខាងក្រុមហ៊ុន Blue Marble នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ក្នុងការបញ្ជូននាវាមុជទឹកចុះទៅបាតនៃប្រហោងខៀវនេះ ដែលគេជឿជាក់ថាក្រោមនោះ គឺងងឹតសូន្យសុងគ្មានពន្លឺសោះឡើយ។
គួរបញ្ជាក់ដែរថា គម្រោងដំណើរមុជចុះទៅប្រហោងខៀវនៅ Bahamas នេះ លោក Guillermo Söhnlein នឹងចុះទៅជាមួយដៃគូ ២ រូបទៀត ដោយម្នាក់ជាអ្នកវិទ្យាសាស្ត្រឈ្មោះ Kenny Broad និងម្នាក់ទៀតជាអវកាសយានិករបស់ NASA លោក Scott Parazynski។ ចំពោះព័ត៌មានលម្អិតជុំវិញនាវាដែលគ្រោងជិះចុះទៅ និង ពេលវេលាដែលត្រូវចុះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕
ប្រភព៖ Dailymail