![សោកសង្រេងណាស់! រំលងតែប៉ុន្មានថ្ងៃ កម្ពុជាបាត់បង់មរតកមនុស្សរស់ចំនួន ២ រូប បន្សល់នូវក្ដីអាឡោះអាល័យបំផុត](https://www.popular.com.kh/wp-content/uploads/2024/06/FEATURE33-4.jpg)
សោកសង្រេងណាស់! រំលងតែប៉ុន្មានថ្ងៃ កម្ពុជាបាត់បង់មរតកមនុស្សរស់ចំនួន ២ រូប បន្សល់នូវក្ដីអាឡោះអាល័យបំផុត
ជារឿងដ៏គួរឱ្យសោកសង្រេងមួយ ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ នេះ កម្ពុជា បានបាត់បង់មរតកមនុស្សរស់ចំនួន ២ រូប បន្សល់នូវក្ដីអាឡោះអាល័យ និងសោកស្ដាយបំផុត ក្នុងការបាត់បង់នូវធនធានដ៏មានតម្លៃរបស់ប្រទេសជាតិ ដែលពួកគាត់បានចំណាយពេលវេលាស្ទើរពេញមួយជីវិតលើកស្ទួយប្រពៃណី វប្បធម៌ជាតិខ្មែរ ប្រកបទៅដោយទេពកោសល្យខ្ពង់ខ្ពស់បំផុត។
ជាក់ស្ដែងមរតកមនុស្សរស់ទាំង ២ រូប ដែលបានចាកចោលសាច់ញាតិ និងជនរួមជាតិនាពេលថ្មីៗនេះ រួមមាន ៖
១. ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់
ជាក្តីរន្ធត់ក្ដុកក្ដួល និង ក្រៀមក្រំជាទីបំផុត ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ បានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០២:២៧ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ។ ការបាត់បង់ ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង ជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ ក្បួនតម្រា និង ទំនៀមទម្លាប់ប្រពៃណីអាពាណ៍ពិពាហ៍ខ្មែរពីបុរាណ ដែលលោកជាគ្រូកិច្ចពិធីចូល និង ចេញម្លប់, អ្នកផ្លូវចៅមហា, អាចារ្យពេលា, ភ្លេងអារក្ស, ភ្លេងការ នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
២. ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង មរតកមនុស្សរស់
នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ មហាជនកំពុងមានក្តីសោកសង្រេងយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែងខ្មែរដ៏ឆ្នើម។ ដំណឹងនេះបានធ្វើឱ្យប្រជាជនកម្ពុជា និង សិល្បករ សិល្បការិនី បាន និង កំពុងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោកតា លោកឪពុក និង ស្វាមី ជាទីស្រឡាញ់ផងដែរ។ ដ្បិតថារូបកាយបានឃ្លាតឆ្ងាយ ប៉ុន្តែស្នាដៃរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៅតែបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានដឹងពីការប្រឹងប្រែង ពីទេពកោសល្យនៃការចំណាយពេលវេលាស្ទើរតែពេញមួយជីវិតនឹងចាប៉ីដងវែង របស់លោកតាជានិច្ច៕