ថ្ងៃចូលកាន់តំណែងដំបូង ឯកឧត្តម គួច ចំរើន មានប្រសាសន៍យ៉ាងកក់ក្ដៅទៅកាន់ពលរដ្ឋខេត្តកណ្ដាល
នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ គឺជាថ្ងៃដំបូង ដែលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចូលកាន់តំណែងក្នុងខេត្តកណ្ដាល បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ឡាយព្រះហស្ថលេខា ក្នុងព្រះរាជក្រឹត្យ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ត្រាស់បង្គប់ ផ្ទេរ និង តែងតាំងមុខតំណែង ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
នៅព្រឹកថ្ងៃចូលកាន់តំណែងដំបូង អភិបាលខេត្តដ៏ឆ្នើមរូបនេះ បានបង្ហោះរូបថតមួយសន្លឹកឈរនៅមុខសាលាខេត្តកណ្ដាល នៅលើគណនីហ្វេសប៊ុក ព្រមទាំងមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅខេត្តកណ្ដាល ប្រកបដោយភាពកក់ក្ដៅថា ៖ «អ្នកខេត្តកណ្ដាល សុំផ្ញើខ្លួន និង ការងារជោគជ័យផង»។
ការបង្ហោះរបស់អភិបាលខេត្តកណ្ដាលថ្មី ឯកឧត្តម គួច ចំរើន ក៏ទទួលបានពាក្យពេចន៍ជូនពរយ៉ាងច្រើនពីបណ្ដាមន្ត្រីរាជការ និង អ្នកស្ថិតក្រោមបង្គប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាល មានសេចក្ដីត្រេកអរ និង ស្វាគមន៍អស់ពីបេះដូងចំពោះវត្តមានរបស់ឯកឧត្តម ដែលទទួលភារកិច្ចអភិវឌ្ឍន៍ខេត្តកណ្ដាលឱ្យកាន់តែល្អប្រសើរទៅថ្ងៃមុខ៕