![អភិបាលខេត្តដ៏ឆ្នើម! រយៈពេល ១០ ឆ្នាំ ឯកឧត្តម គួច ចំរើន បានផ្លាស់ប្ដូរតួនាទី និង ការងារ ៦ កន្លែង](https://www.popular.com.kh/wp-content/uploads/2024/07/BeBe-01-07-24-02.jpg)
អភិបាលខេត្តដ៏ឆ្នើម! រយៈពេល ១០ ឆ្នាំ ឯកឧត្តម គួច ចំរើន បានផ្លាស់ប្ដូរតួនាទី និង ការងារ ៦ កន្លែង
នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលថ្មី តាមព្រះរាជក្រឹត្យផ្ទេរ និង តែងតាំងមុខតំណែង ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីបញ្ចប់ភារកិច្ចជាអភិបាលខេត្តព្រះសីហនុ រយៈពេល ៥ ឆ្នាំ។
ឯកឧត្តម គួច ចំរើន គឺជាអភិបាលខេត្តពោរពេញដោយសមត្ថភាព និង ត្រូវប្រជាពលរដ្ឋគោរពស្រឡាញ់ជាខ្លាំង ដោយក្នុងអំឡុងពេលដែលឯកឧត្តមទទួលភារកិច្ចជាអភិបាលខេត្តព្រះសីហនុ ៥ ឆ្នាំមកនេះ ខេត្តមួយនេះបានផ្លាស់ប្ដូរមុខមាត់ថ្មី មានសណ្ដាប់ធ្នាប់ មានការអភិវឌ្ឍន៍ និង បន្សល់ស្នាដៃថ្មីៗជាច្រើន ដែលទាក់ទាញដល់ភ្ញៀវទេសចរឱ្យចូលទៅកម្សាន្តច្រើនណែនណាន់តាន់តាប់។
ដោយឡែកបើងាកទៅមើលជីវប្រវត្តិការងារខ្លះៗរបស់ឯកឧត្តម គួច ចំរើន វិញ ក្នុងរយៈពេល ១០ ឆ្នាំ ឯកឧត្តមបានផ្លាស់ប្ដូរតួនាទី និង កន្លែងការងារដល់ទៅ ៦ កន្លែងដូចខាងក្រោម ៖
– នៅខែកក្កដា ឆ្នាំ ២០០៤ ជាអភិបាលខណ្ឌមានជ័យ កាន់តំណែងរហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។
– នៅខែឧសភា ២០១៤ ជាអភិបាលខណ្ឌដូនពេញ កាន់តំណែងរហូតដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៦។
– នៅខែធ្នូ ២០១៦ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាន់តំណែងរហូតដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧។
– នៅខែមិថុនា ២០១៧ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាន់តំណែងរហូតដល់ខែមិថុនា ឆ្នាំ២០១៩។
– នៅថ្ងៃទី២៤ ខែមិថុនា ២០១៩ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មានព្រះរាជក្រឹត្យតែងតាំង ត្រាស់បង្គប់ឱ្យផ្ទេរ និងតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
– នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជាផ្លូវការ៕