កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នអស់លុយអត់បានអីវ៉ាន់
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ កនលងទៅ បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់។
តាមប្រភពបានឱ្យដឹងថា ថ្មីៗនេះមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោកក្រុមឧក្រិដ្ឋជនជនខិលខូចតាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបោកប្រាសជនរងគ្រោះឱ្យទិញទំនិញដូចខាងក្រោម ៖
១. សម្ភារ ឬ ទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ( Feedback)
៣. មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់
៤. មានរូបភាពវិក្ក័យបត្រភ្ជាប់នឹងរូបភាពសម្ភារទាំងនោះ
ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ បន្ទាប់មកជនខិលខូចបានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះដើម្បីមានការជឿជាក់។ ជនខិលខូចបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ស្រាប់តែធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។
ទាក់ទិនទៅនឹងរឿងនេះ មន្ត្រីជំនាញបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់
៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ៕