ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម
ថ្មីៗនេះមានការបង្ហាញពីលទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានឱ្យដឹងថា ការផឹកទឹកតាមរយៈដបប្លាស្ទិកជាញឹកញាប់ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារតែដបប្លាស្ទិកមានផ្ទុកសារធាតុគីមីដែលអាចកាត់បន្ថយភាពប្រែប្រួលនៃរាងកាយទៅនឹងអាំងស៊ុយលីន។
យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ មនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០ នាក់ ត្រូវបានចាត់តាំងដោយឱ្យទទួលថ្នាំ placebo ឬ BPA ប្រហែល ៥០ មីក្រូក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយ ដែល BPA ជាគីមីត្រូវបានប្រើប្រាស់ជាចម្បងក្នុងការវេចខ្ចប់ម្ហូបអាហារ និង ភេសជ្ជៈ រួមទាំងដបទឹកប្លាស្ទិក។ ៤ ថ្ងៃក្រោយមក គេឃើញថាពួកគេមានការចុះខ្សោយនូវការឆ្លើយតបទៅកាន់សារធាតុអាំងស៊ុយលីន ដែលជាសាធាតុចម្បងក្នុងការគ្រប់គ្រងការរំលាយជាតិស្ករនៅក្នុងរាងកាយ។ ដូច្នេះហើយ ការប្រើប្រាស់របស់ដែលមាន BPA ញឹកញាប់ អាចបង្កឱ្យមានហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
យ៉ាងណាមិញ មានការស្រាវជ្រាវពីមុនៗបានបង្ហាញថា BPA អាចធ្វើឱ្យប៉ះពាល់ដល់អរម៉ូនរបស់មនុស្ស។ ក្នុងនោះ ប្រធានសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) ក៏បានអំពាវនាវឱ្យមានបទប្បញ្ញត្តិឧស្សាហកម្មតឹងរ៉ឹងលើបរិមាណសុវត្ថិភាពនៃ BPA ផងដែរ ដើម្បីធានាថាសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះត្រូវបានបង្រួមអប្បបរមានៅក្នុងការប្រើប្រាស់៕