![(វីដេអូ) រន្ធ-ត់! កំពុងហោះសុខៗយន្តហោះមួយគ្រឿងជួបបញ្ហាលើអាកាស អ្នកដំណើរខ្លះខ្ទាតបុកដំបូលកាប៊ីនជាប់ខ្លួនគួរឱ្យអាណិត](https://www.popular.com.kh/wp-content/uploads/2024/07/feature-6.jpg)
(វីដេអូ) រន្ធ-ត់! កំពុងហោះសុខៗយន្តហោះមួយគ្រឿងជួបបញ្ហាលើអាកាស អ្នកដំណើរខ្លះខ្ទាតបុកដំបូលកាប៊ីនជាប់ខ្លួនគួរឱ្យអាណិត
កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ថ្មីៗនេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air Europa បានជួបបញ្ហាចលាចលធ្ងន់ធ្ងរលើអាកាស រហូតត្រូវបង្ខំចិត្តចុះចតភ្លាមៗ។ ការជួបបញ្ហារបស់យន្តហោះដឹកអ្នកដំណើរមួយនេះដែរ ក៏បានធ្វើឱ្យអ្នកដំណើរជាច្រើនបានរងរបួស ខណៈទិដ្ឋភាពស្ដែងៗដែលថតបានក្នុងយន្តហោះ គួរឱ្យតក់ស្លុតខ្លាំង។
យន្តហោះរបស់ក្រុមហ៊ុនខាងលើនេះ គឺធ្វើដំណើរចេញពីក្រុង Madrid ប្រទេសអេស្ប៉ាញ ឆ្ពោះទៅកាន់ក្រុង Montevideo ប្រទេសអ៊ុយរ៉ាហ្គាយ តែខណៈហោះហើរលើអាកាសក៏ជួបបញ្ហាចលាចលធ្ងន់ធ្ងរ រហូតត្រូវបង្ខំចិត្តចុះចតភ្លាមៗនៅក្រុង Natal ប្រទេសប្រេស៊ីល។
បើតាមវីដេអូស្ដែងៗ ដែលថតដោយកាមេរ៉ាទូរស័ព្ទដៃ បានបង្ហាញឱ្យឃើញក្នុងយន្តហោះមានភាពវឹកវរខ្លាំង ដោយក្នុងនោះក៏បង្ហាញឱ្យឃើញអ្នកដំណើរម្នាក់ជាប់ខ្លួនរណោងលើដំបូលកាប៊ីនយន្តហោះ ហើយត្រូវបានអ្នកដំណើរផ្សេងទៀតជួយទាញចុះមកក្រោមវិញ។
ហេតុការណ៍នេះដែរ បានបណ្ដាលឱ្យអ្នកដំណើរចំនួន ៣០ នាក់រងរបួស ដោយអ្នកខ្លះរបួសក្បាល ខ្លះត្រូវចំមុខ ខណៈខ្លះទៀតក៏រងការថ្លោះគ្រេច។ ក្រោយការចុះចត យ៉ាងហោចណាស់មនុស្ស ២៣ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Monsenhor Walfredo Gurgel ភ្លាមៗផងដែរ៕