ការសិក្សាទើបរកឃើញ៖ ការមានលុយកាក់ទ្រពសម្បត្តិចាយពេញៗដៃ គឺជួយឱ្យមនុស្សកើនអាយុ ហើយរស់បានយូរ
តាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយលើ Journal of Gerontology បានលើកឡើងថា ទ្រព្យសម្បត្តិ អាចជួយបញ្ចៀសជំងឺ បង្កើនសុខភាពផ្លូវចិត្ត និង ជួយឱ្យមនុស្សកើនអាយុរំពឹងរស់រហូតដល់ ៩ ឆ្នាំបន្ថែម។ ការសន្និដ្ឋាននេះដែរ គឺផ្អែកលើការពិនិត្យឡើងវិញនៃទិន្នន័យអាយុជីវិតរបស់មនុស្សប្រមាណជាង ១ ម៉ឺននាក់ក្នុងបណ្ដាប្រទេសមួយចំនួន ដែលស្ថិតិនេះបានធ្វើឡើងកាលពីឆ្នាំ ២០២០ កន្លងទៅ។
បើតាមការសិក្សារបស់ Food Foundation កាលពីឆ្នាំ ២០២៣ បានរកឃើញថា អ្នកក្រីក្រ គឺចំណាយយ៉ាងហោចណាស់ ៥០% នៃចំណូលរបស់ពួកគេលើអាហារចាំបាច់ប្រចាំថ្ងៃ ដែលពួកគេមិនអាចមានលទ្ធភាពក្នុងការទិញអាហារដែលមានគុណភាពខ្ពស់ ឬ ល្អចំពោះសុខភាពនោះឡើយ។ ពួកគេ គ្មានជម្រើសក្នុងការជ្រើសទិញអាហារល្អៗ ដែលជាហេតុធ្វើឱ្យពួកគេមិនមានវីតាមីនគ្រប់គ្រាន់ រស់នៅក្នុងបរិស្ថានមិនល្អ រំពឹងលើតែអាហារសម្រន់ ជក់បារី និង ផឹកស្រា ជាដើម។
លោកស្រី Tina Wood ប្រធាននាយកប្រតិបត្តិអង្គការ Business for Health បានលើកឡើងថា វិសមភាពចំពោះសុខភាព គឺបានផ្សារភ្ជាប់ទៅនឹងកត្តាសង្គម រួមមានកម្រិតនៃប្រាក់ចំណូល ភាពក្រខ្សត់ ការទទួលបានអាហារូបត្ថម្ភល្អ ភាពមានការងារធ្វើ មានកន្លែងស្នាក់នៅត្រឹមត្រូវ ក៏ដូចជាកម្រិតខុសៗគ្នានៃសកម្មភាពរបស់ពួកគេតាមទីតំបន់ដែលរស់នៅនោះ។ លោកស្រីលើកឧទាហរណ៍ តំបន់ Calton ដែលជាតំបន់ខ្វះខាតបំផុតមួយនៅក្រុង Glasgow ចក្រភពអង់គ្លេស។ ក្នុងតំបន់នេះ មនុស្សប្រុសមានអាយុរំពឹងរស់ត្រឹម ៥៤ ឆ្នាំប៉ុណ្ណោះ បើធៀបនឹងតំបន់ដែលសម្បូរសប្បាយទំនើបដូច Lenzie អាយុរំពឹងរស់គេគឺដល់ទៅ ៨២ ឆ្នាំ។
ជាមួយនឹងវិបត្តិប្រាក់ចំណូល ក៏ដូចជាការកើនឡើងតម្លៃលើអាហារ និងផ្ទះក្នុងតំបន់ក្រីក្រនេះហើយ អាចជាកត្តាមួយដែលធ្វើឱ្យប៉ះពាល់សុខភាព និងអាយុរំពឹងទុករបស់ពួកគេ។ បើតាមការសិក្សាស្រាវជ្រាវពី Kings Fund ក៏បានរកឃើញដែរថា អ្នកក្រីក្រ គឺត្រូវរង់ចាំរហូតដល់ជាង ១ ឆ្នាំសម្រាប់ការព្យាបាលជំងឺ ជាជាងអ្នកដែលរស់នៅក្នុងតំបន់ដែលមិនសូវខ្វះខាត។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ គឺអាចទទួលបានការព្យាបាលជំងឺលឿនជាង និងអាចមានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យឯកជន ពេលត្រូវព្យាបាលបន្ទាន់ផងដែរ។ ការសិក្សាបានរកឃើញថា ៤២% នៃមនុស្សពេញវ័យ ដែលជួបបទពិសោធផ្ទាល់លើការពន្យារការព្យាបាលជំងឺ បាននិយាយថា វាបានប៉ះពាល់ដល់សមត្ថភាពបំពេញការងាររបស់ពួកគេ មានន័យថា ឥទ្ធិពលនៃប្រាក់ចំណូលនេះ អាចកាន់តែធ្វើឱ្យមានភាពមិនស្មើគ្នាឡើង។
បើតាមការសិក្សាថ្មីបានបង្ហាញថា ទ្រព្យសម្បត្តិ គឺជះឥទ្ធិពលយ៉ាងវិជ្ជមានទៅលើសុខភាពមនុស្សក្នុងរយៈពេលយូរ។ ជាក់ស្ដែង ក្មេងៗ ដែលរៀនសាលាឯកជន គឺមានសុខភាពល្អជាងក្មេងៗដែលរៀននៅសាលារដ្ឋ។ ការសិក្សា ដែលធ្វើឡើងដោយ University College London (UCL) បានរកឃើញថា អ្នកដែលទទួលបានការអប់រំពីសាលាឯកជន គឺមានកម្រិតសមាមាត្ររវាងគីឡូ និងកម្ពស់ (BMI) និងសម្ពាធឈាមទាប និង អនុវត្តកិច្ចការយល់ដឹងបានល្អនៅវ័យ ៤៦ ឆ្នាំ ជាងអ្នកដែលរៀននៅសាលារដ្ឋ៕
ប្រភព៖ VN Express