![(វីដេអូ) ស្រណោះណាស់! បុគ្គលិក Stellar Pictures រើអីវ៉ាន់ចូលផ្ទះថ្មីទាំងមិនទាន់ធ្វើរួច ខណៈម្ចាស់ប្រុសស្រីអវត្តមានក្នុងលោកនេះ](https://www.popular.com.kh/wp-content/uploads/2024/07/Stellar.jpg)
(វីដេអូ) ស្រណោះណាស់! បុគ្គលិក Stellar Pictures រើអីវ៉ាន់ចូលផ្ទះថ្មីទាំងមិនទាន់ធ្វើរួច ខណៈម្ចាស់ប្រុសស្រីអវត្តមានក្នុងលោកនេះ
មកដល់ពេលនេះ សោកនាកម្មបាញ់សម្លាប់ទៅលើម្ចាស់ក្រុមហ៊ុនថតរូប Stellar Pictures ទាំងពីរនាក់គូដណ្ដឹងកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ នៅតែដក់ជាប់ក្នុងការចងចាំមិនទាន់អាចទទួលបានការពិតបានពីសំណាក់សាច់ញាតិបងប្អូន ក៏ដូចជាមនុស្សស្និទ្ធស្នាលរបស់ពួកគេទាំងពីរនៅឡើយ។
ទោះជាយ៉ាងណា ពិធីបុណ្យ ៧ ថ្ងៃ និង ១០០ ថ្ងៃរបស់កញ្ញា ឃីន កញ្ចនា និង លោក ឡុង លីសុង ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងដៃឆៅ ស្រី ស៊ីណា ក៏បានរៀបចំរួចរាល់ហើយដែរ កាលពីថ្ងៃទី ២២ និង ២៣ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ នៅភូមិកំពង់បាយខាងជើង ក្រុងកំពត ខេត្តកំពត ស្ថិតនៅខាងជើងផ្សារសាមគ្គី។
ដោយឡែកក្រឡេកមកមើល ក្រុមហ៊ុន Stellar Pictures ដែលមានលោក ឡុង លីសុង ជាអ្នកគ្រប់គ្រងកាលនៅមានជីវិតឯនោះវិញ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នា ក៏ព្រោះក្រុមហ៊ុននេះ មានស្នាដៃល្អៗជាច្រើន ដែលបង្កើតឡើងដោយលោក ឡុង លីសុង។
ដោយឡែក ក្រោយពីរៀបចំពិធីបុណ្យសពរួចរាល់ មហាជនហាក់មានការស្រណោះស្រណោកយ៉ាងខ្លាំងបន្ទាប់ពីបានឃើញទិដ្ឋភាពក្រុមហ៊ុន Stellar Pictures ដែលនៅទីតាំងកើតហេតុបានតែរើអីវ៉ាន់ចេញ ក៏ព្រោះតែផ្ទះកើតហេតុនោះ គឺជាផ្ទះជួលប៉ុណ្ណោះ រីឯទីតាំងថ្មី ដែលត្រូវបានលោក ឡុង លីសុង ម្ចាស់ហាងបានត្រៀមទុកកាលលោកនៅមានជីវិត គឺធ្វើមិនទាន់រួចរាល់នោះទេ។
យ៉ាងណាមិញ ថ្មីៗនេះ ក៏មានវីដេអូមួយបានបង្ហោះលើបណ្តាញសង្គម Tik Tok ជាថ្មី ពីសកម្មភាពនៃការរើអីវ៉ាន់ចូលរបស់បុគ្គលិក Stellar Pictures ចូលផ្ទះថ្មីមិនទាន់ធ្វើរួចរាល់ របស់លោក ឡុង លីសុង។
ក្នុងនោះ មហាជនកាន់តែស្រងេះស្រងោចទៀតថា ផ្ទះមិនទាន់ធ្វើរួចរាល់ផង តែបែរជាបាត់ម្ចាស់ទាំងប្រុស ទាំងស្រីទៅសែនឆ្ងាយ គ្មានថ្ងៃត្រឡប់ដោយសារតែឃាតកដៃឆៅ ស្រី ស៊ីណា៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖