មហាសេដ្ឋីឥណ្ឌាម្នាក់រៀបការឱ្យគូស្នេហ៍ក្រីក្រ ៥០ គូ ជូនមាសជូនថ្លៃបណ្ណាការ ជូនឆ្នាំងចានស្ករប៊ីចេង មុងភួយមួយកំផ្លេឱ្យផ្សំដំណេកទៀត
មហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតក្នុងប្រទេសឥណ្ឌា Mukesh Ambani បានរៀបចំពិធីមង្គលការទ្រង់ទ្រាយធំមួយ ដល់គូស្នេហ៍ក្រីក្រចំនួន ៥០ គូ ថែមផ្ដល់ជាថ្លៃបណ្ណាការ រួមទាំងកាដូធ្វើពីមាសជាច្រើនទៀត។
មហាសេដ្ឋីប្រទេសឥណ្ឌា Mukesh Ambani និងភរិយារបស់លោក Nita Ambani កាលពីសប្ដាហ៍មុន បានរៀបចំពិធីរៀបការខ្នាតធំមួយឱ្យគូស្នេហ៍ក្រីក្រចំនួន ៥០ គូ ដែលមកពីក្រុង Palghar រដ្ឋ Maharashtra ប្រទេសឥណ្ឌា។ ពិធីមង្គលការដ៏ធំនោះដែរ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ នាសួននៃក្រុមហ៊ុន Reliance Group ក្នុងក្រុង Thane ភាគឦសានក្រុង Mumbai រដ្ឋ Maharashtra ដោយមានការចូលរួមពីមនុស្សប្រមាណ ៨០០ នាក់ រួមមានទាំងសាច់ញាតិនៃគូស្នេហ៍ដែលរៀបការផងដែរ។
ក្រៅពីរ៉ាប់រងនៃពិធីរៀបការទាំងស្រុងហើយនោះ ក្រុមគ្រួសារមហាសេដ្ឋីឥណ្ឌា ក៏បានផ្ដល់ជាគ្រឿងអលង្ការដល់គូស្នេហ៍នីមួយៗ រួមមានខ្សែ-កមាស mangalsutra ចិញ្ចៀនរៀបការ និង ក្រវិលពាក់ច្រមុះដែលសុទ្ធសឹងធ្វើពីមាស។ បន្ថែមពីនេះ កូនក្រមុំនីមួយៗក៏ទទួលបានថ្លៃបណ្ណាការចំនួន ១០១ ០០០ រ៉ូពី (ប្រមាណ ១២០០ ដុល្លារ) ផងដែរ។ ក្រៅពីនេះ លោក Ambani ក៏សន្យារផ្ដល់ជាគ្រឿងទេស ក៏ដូចជាប្រដាប់ប្រដាក្នុងផ្ទះបាយ ដូចជា ចានឆ្នាំង ចង្ក្រានហ្គាស កង្ហារ គ្រែ និង ខ្នើយ រយៈពេលមួយឆ្នាំផងដែរ។
គួរបញ្ជាក់ថា ពិធីរៀបមង្គលការខ្នាតធំនេះ គឺជាផ្នែកមួយនៃទម្លាប់ធ្វើសប្បុរសធម៌របស់ក្រុមគ្រួសារលោក Ambani មុនពិធីរៀបការរបស់កូនប្រុសពៅរបស់លោក ប្រារព្ធធ្វើឡើង។ ជាក់ស្ដែង កូនប្រុសពៅរបស់លោក Anant Ambani និងចាប់ដៃគូដណ្ដឹងរូបស្រស់ Radhika Merchant រៀបការតាមប្រពៃណី រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ៕
ប្រភព៖ VN Express