ចូលខែថ្មីមិនទាន់បាន ១០ ថ្ងៃផង នៅថៃមានអគ្គិភ័យម្តុំតំបន់ China Town ត្របាក់ផ្ទះអស់ ៦៦ ខ្នង មនុស្សរបួសច្រើននាក់
កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មានអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅសមាគមន៍ Trok Pho តំបន់ Yaowarat ដែលស្គាល់ថាជា China Town នៅទីក្រុងបាងកក ប្រទេសថៃ បានបណ្តាលឱ្យមានមនុស្ស ៥ នាក់បានរងរបួស និង ខូចខាតផ្ទះរហូតដល់ទៅ ៦៦ ខ្នង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅប្រហែលម៉ោង ៨ និង ៤១ នាទី នៅថ្ងៃយប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយភ្លើងបានចាប់ផ្តើមឆាបឆេះក្នុងសមាគមន៍ Trok Pho ហើយខាងអាជ្ញាធរប្រចាំតំបន់ក៏បានចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយប្រើឡានទឹកអស់ ៤០ គ្រឿង រហូតដល់ម៉ោងជាង ១១ ទើបភ្លើងរលត់អស់។
តាមព័ត៌មានបានឱ្យដឹងទៀតថា ក្នុងករណីនេះមិនមានអ្នកស្លាប់ឡើយ ប៉ុន្តែមានមនុស្ស ៥ នាក់បានរងរបួស និង សរុបប្រហែលជិត ៣០០ នាក់ បានជម្លៀសខ្លួនចេញពីសមាគមន៍ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ លើសពីនេះទៅទៀត ផ្ទះចំនួន ៦៦ ខ្នង និង សណ្ឋាគារ ក៏ដូចជាអគារនៅក្បែរនោះ ក៏ត្រូវបានខូចខាតផងដែរ។ យ៉ាងណាមិញ អាជ្ញាធរនៅមិនអាចសន្និដ្ឋាន ឬ ត្រួតពិនិត្យរកមូលហេតុនៃការឆាបឆេះបាននៅឡើយ ព្រោះតែករណីនេះមានការខូចខាតខ្ទេចច្រើនខ្លាំងពេក៕
ប្រភព៖ Thairath