មិនបកស្រាយច្រើនឱ្យរឿងកាន់តែវែងឆ្ងាយ! ម៉ាដាម ដា ផុសយ៉ាងខ្លី ក្រោយជួបព្យុះភ្លៀងបែកស្នេហ៍លើកនេះ
ចំណងស្នេហ៍រយៈពេល ៨ ឆ្នាំរបស់អ្នកជំនួញអនឡាញស្រីដ៏ល្បីឈ្មោះ អ្នកនាង ម៉ាដាម ដា និង គូស្នេហ៍ បានបញ្ចប់សល់តែអតីតកាលទៅហើយ ខណៈសាមីខ្លួនបានចេញមុខប្រកាសជាសាធារណៈពីការចែកផ្លូវគ្នាមិនអាចបន្តនិស្ស័យរួមរស់ជាប្ដីប្រពន្ធទៀតបាន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ។
ស្នេហាដែលធ្លាប់តែផ្អែមល្ហែម តែងបង្ហាញសេចក្ដីសុខ ការយកចិត្តទុកដាក់ ការស្រឡាញ់ល្អូកល្អិនចំពោះគ្នាទៅវិញទៅមករបស់ ម៉ាដាម ដា បែរជាប្រកាសបែកគ្នាត្រឹមមួយប៉ប្រិចភ្នែក ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន មានការសោកស្ដាយជំនួសពួកគេទាំងពីរជាខ្លាំង។
យ៉ាងណាមិញ ការប្រកាសចែកផ្លូវគ្នាដើររៀងខ្លួនរវាង ម៉ាដាម ដា និង គូស្នេហ៍នេះ អ្នកទាំងពីរក៏មិនបានបង្ហាញពីមូលហេតុច្បាស់លាស់ឡើយ ដែលនាំឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច នាំគ្នាបញ្ចេញយោបល់ថា ពួកគេអាចនឹងបែកគ្នាព្រោះអាចភាគីណាមួយអស់ចិត្ត ម្យ៉ាងស្របពេលនោះ មួយរយៈនេះក៏ឃើញ ម៉ាដាម ដា តែងបង្ហាញភាពស្និទ្ធស្នាលជាមួយតួប្រុសមួយចំនួនផងនោះ ក៏កើតជាការសង្ស័យឡើងតែម្ដង តែពាក់ព័ន្ធនឹងរឿងនេះ ម៉ាដាម ដា ក៏បានបកស្រាយដែរថា នាងថតរឿងនោះអ្នកទាំងពីរបែកគ្នាទៅទៀត។
ស្របពេលដែលកំពុងឆ្លងកាត់ការឈឺចាប់នៅឡើយ ម៉ាដាម ដា បានបង្ហោះសារថ្មី ក្នុងអត្ថន័យអរគុណដល់ខ្លួនឯង និង ពិភពលោកថា ៖ «អរគុណខ្លួនឯង អរគុណពិភពលោក ដែលឱ្យខ្ញុំទទួលបានរឿងគ្រប់យ៉ាង មិនថាទុក្ខ ឬ សុខ អរគុណបងប្អូនដែលស្រលាញ់ និង គំាទ្រ»៕