អង្គការសហប្រជាជាតិព្យាករណ៍ ឥណ្ឌាអាចកើនចំនួនប្រជាជនលើសប្រទេសចិនទ្វេដង នៅឆ្នាំ ២០៨៥
អង្គការសហប្រជាជាតិ បានព្យាករណ៍ថា ចំនួនប្រជាជនក្នុងប្រទេសឥណ្ឌា នឹងកើនដល់ ១.៦១ ពាន់លាននាក់ ក្នុងឆ្នាំ ២០៨៥ ខណៈចំនួនប្រជាជនក្នុងប្រទេសចិន អាចធ្លាក់មកនៅត្រឹម ៨០៦ លាននាក់។
កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ World Population Prospects (WPP) ដោយលើកឡើងថា គម្លាតចំនួនប្រជាជនរវាងប្រទេសចិន និងឥណ្ឌា នឹងឃ្លាតគ្នាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត។ ចំនួនប្រជាជនឥណ្ឌា ក្នុងឆ្នាំ ២០៨៥ រំពឹងថានឹងឡើងដល់ ១.៦១ ពាន់លាននាក់ លើសពីរដងនៃចំនួនប្រជាជនក្នុងប្រទេសចិន។ ដល់ឆ្នាំ ២១០០ គម្លាតចំនួនប្រជាជនប្រទេស ២ នេះ នឹងឡើងលើសគ្នាជិត ៣ ដង ដោយប្រជាជនឥណ្ឌា ធ្លាក់មកវិញត្រឹម ១.៥ ពាន់លាននាក់ ខណៈចិន នៅសល់ប្រជាជនត្រឹម ៦៣៣ លាននាក់។
របាយការណ៍ WPP ដែលអង្គការសហប្រជាជាតិធ្វើឡើងរាល់ ២ ឆ្នាំម្ដង បានបង្ហាញដែរថា ប្រជាជនឥណ្ឌាក្នុងពេលបច្ចុប្បន្នមានចំនួន ១.៤៥១ ពាន់លាននាក់ ដែលចំនួននេះ គឺលើសការព្យាករណ៍ទុកកាលពី ២ ឆ្នាំមុនដល់ទៅ ៩ លាននាក់។ ចំណែកប្រទេសចិនវិញ បច្ចុប្បន្នមានប្រជាជនសរុបចំនួនជាង ១.៤២ ពាន់លាននាក់។
តាមរបាយការណ៍ពីអង្គការសហប្រជាជាតិនេះ បានបន្ថែមទៀតថា ក្នុងឆ្នាំ ២១០០ បន្ទាប់ពីឥណ្ឌា និង ចិន ចំណាត់ថ្នាក់បន្ទាប់គឺមានដូចជា ប្រទេសប៉ាគីស្ថាន មានពលរដ្ឋសរុប ៥១១ លាននាក់ នីហ្សេរីយ៉ា មាន ៤៧៧ លាននាក់ កុងហ្គោ មានចំនួន ៤៣១ លាននាក់ និងសហរដ្ឋអាមេរិក មានចំនួន ៤២១ លាននាក់៕
ប្រភព៖ VN Express