តោកយ៉ាកពេក ដឹកប្រពន្ធ និង កូនតូចៗ ៣ នាក់ ទៅទម្លាក់ចោលតាមផ្លូវ ក្រោយបោកថានាំទិញនំខេកធ្វើខួបឱ្យកូនពៅ
នៅប្រទេសថៃ អ្នកលេងបណ្តាញសង្គមជាច្រើនបាន និង កំពុងផ្ទុះក្ដីអាណិតខ្លោចចិត្តជាខ្លាំងចំពោះរឿងរ៉ាវរបស់ស្រ្តីម្នាក់ រួមទាំងកូនតូចៗ ៣ នាក់ទៀត ដែលត្រូវបានប្តីកុហកថានាំទៅទិញនំខេក តែយកមកបោះបង់ចោលនៅក្នុងខ្ទមតាមផ្លូវ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅខេត្តអ៊ុដនថានី ដោយស្រ្តីជាប្រពន្ធបានរៀបរាប់ទាំងក្ដុកក្ដួលឱ្យដឹងថា គ្រួសាររបស់ខ្លួនមានភាពតោកយ៉ាករកស៊ីជាអ្នករកត្រី និង ជួលផ្ទះគេនៅ ហើយមានកូនស្រីចំនួន ៣ នាក់ក្នុងបន្ទុក។
ស្រ្តីជាប្រពន្ធបានបន្តថា ថ្ងៃមួយប្តីប្រាប់ថានឹងនាំខ្លួនទៅរកញាតិមិត្តនៅភូមិមួយ ដើម្បីទៅសុំលុយគេមកទិញនំខេកខួបកំណើតឱ្យកូនពៅ ទើបខ្លួនក៏ព្រមទៅដោយបានយកកូនស្រីទាំង ៣ នាក់ទៅជាមួយដែរ។ ខណៈជិះម៉ូតូសុខៗ ប្តីបានប្រាប់ឱ្យកូនៗ និង ខ្លួនចុះទៅចាំនៅលើខ្ទមមួយនាមាត់ផ្លូវសិន ដោយប្រាប់ថាទៅទិញបារីមួយភ្លែតនឹងត្រឡប់មកវិញ តែប្តីក៏ទៅបាត់ឈឹងមិនឃើញមកវិញ ធ្វើឱ្យនាងឡេះឡះអស់។
យ៉ាងណាមិញ ដោយសារតែការអាណិត អ្នកភូមិដែលបានប្រទះឃើញម្តាយ និង កូនទាំង ៣ រូបនេះ ក៏បានផ្តល់ដំណឹងទៅអាជ្ញាធរ ហើយអាជ្ញាធរក៏បានមកទទួលពួកគេឱ្យទៅសម្រាកនៅឯបុស្តិ៍ រង់ចាំប្តីមកយកវិញ៕