កូនខ្មែរទាំងសង្ហា មានការសិក្សាខ្ពស់! នីកូឡា សហគ្រិនឆ្នើមវ័យក្មេង និង ជាកំលោះពហុជំនាញ
កើតនៅប្រទេសបារំាង នីកូឡា ចាន់ណារិទ្ធ មានឈាមជ័រជាកូនខ្មែរកាត់ចិន។ បច្ចុប្បន្ន លោកបានត្រលប់មករស់នៅប្រទេសកម្ពុជា និង បានបើកជំនួញសំខាន់ៗដែលកំពុងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ ប្រិយមិត្តមួយចំនួនធំ ប្រហែលជាមិនទាន់បានដឹងឡើយថា ផលិតផលឬសេវាកម្មដែលខ្លួនតែងតែនិយមគាំទ្រ តាមពិតជាអាជីវកម្មដែលកំលោះសង្ហារូបនេះបានបើកដំណើរការ។
មកដឹងប្រវត្តិឱ្យលម្អិត លោក នីកូឡា ចាន់ណារិទ្ធ មានបងប្អូនបង្កើតពីរនាក់ លោកជាកូនច្បងនៃប្អូនប្រុស។ លោកបានចាប់ផ្តើមវិថីជីវិតទោលនៅអាយុ ១៩ ឆ្នាំ ដោយបន្តការសិក្សាជំនាញផ្សេងៗ និង បានទទួលសញ្ញាបត្រអនុបណ្ឌិតនៅអាយុ ២៤ ឆ្នាំ។
ថ្វីត្បិតចេញធ្វើការអាចរកលុយមានលំនឹងច្បាស់លាស់នៅប្រទេសបារាំងក្តី ប៉ុន្តែកូនខ្មែរមានមហិច្ឆតាផ្សារភ្ជាប់ដើមកំណើតរបស់ខ្លួនរូបនេះ បានសម្រេចចិត្ដដាក់ពាក្យលាឈប់ រួចផ្លាស់ទីលំនៅមករស់នៅប្រទេសកម្ពុជាវិញ។ ការសម្រេចចិត្តផ្លាស់ទីមកកម្ពុជា មិនត្រឹមតែជាការចាប់ផ្តើមជីវិតថ្មីប៉ុណ្ណោះទេ តែក៏ជាការជ្រើសរើសមួយប្រកបដោយមនសិការ ដើម្បីផ្សារភ្ជាប់ឡើងវិញនូវឫសគល់របស់ខ្លួន ដោយស្វែងយល់ពីវប្បធម៌ខ្មែរ និង ចូលរួមយ៉ាងសកម្មជាមួយការកសាងអនាគតរបស់ប្រទេសជាតិ។
អ្នកនិយមតែ Chatime ប្រាកដជាស្គាល់រសជាតិ និង ម៉ាកសញ្ញានៃភេសជ្ជៈនេះយ៉ាងច្បាស់។ ជាការពិតណាស់ លោក នីកូឡា ចាន់ណារិទ្ធ គឺជាអ្នកទិញ franchise យកភេសជ្ជៈនេះមកបើកនៅកម្ពុជា ដែលសព្វថ្ងៃមានច្រើនសាខានៅរាជធានីភ្នំពេញ។ ដោយឡែកពីនេះ លោកក៏ជាស្ថាបនិកស្ទូឌីយ៉ូ Sankiri ដែលទទួលផលិតវីដេអូ និង មាតិកា សម្រាប់ Platforms នៅលើបណ្តាញសង្គមផងដែរ។
មិនទាន់អស់នោះទេ នៅឆ្នាំ ២០២១ លោក នីកូឡា ចាន់ណារិទ្ធ បានបើកបារមួយកន្លែងនៅចំកណ្តាលទីក្រុងភ្នំពេញ មានឈ្មោះថា Yiqi Bar។ ការបើកជំនួញមួយនេះ លោកបានចូលរួមជាមួយក្រុមការងារយ៉ាងសកម្មនៅក្នុងការដំណើរការ រាប់តាំងពី ការធ្វើស្រាក្រឡុក ការគ្រប់គ្រងតុ ការកុម្មង់ និង ការរៀបចំសណ្តាប់ធ្នាប់ជាដើម។ ការយកចិត្តទុកដាក់ជាមួយជំនួញនេះ លោកទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយអតិថិជនមានការគាំទ្រច្រើនទាំងភ្ញៀវជាតិ និង អន្តរជាតិ។
ចាប់ផ្តើមជីវិតថ្មីលើទឹកដីកម្ពុជា វ័យទើបតែ ២៧ ឆ្នាំ ក្លាយជាស្ថាបនិក ក្លាយជាសហគ្រិនឆ្នើម អាចថា លោក នីកូឡា ចាន់ណារិទ្ធ គឺជាបុគ្គលវ័យក្មេងមួយរូបដែលមានមហិច្ឆតាខ្ពស់ មានគោលដៅច្បាស់លាស់ ហើយថែមទាំងអាចជាគំរូមួយ ដែលជំរុញដល់យុវជនជំនាន់ថ្មីដែលចង់ក្លាយជាសហគ្រិនផងដែរ។ ចុះសម្រាប់ប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?៕