នៅអូស្ត្រាលី ម្ចាស់ក្រុមហ៊ុនប្រឈមពិន័យជាង ៦ ម៉ឺនដុល្លារ បើសិនទាក់ទងទៅបុគ្គលិករឿងការងារនៅក្រៅម៉ោងធ្វើការ
កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានដាក់អនុវត្តនូវច្បាប់ថ្មីដោយពលរដ្ឋក្នុងប្រទេសទាំងអស់ឥលូវអាចមានសិទ្ធិស្របច្បាប់ក្នុងការបដិសេធមិនទទួលទូរស័ព្ទ ឬអ៊ីម៊ែលពីក្រុមហ៊ុននៅក្រៅម៉ោងការងារបាន។
ក្រោមច្បាប់ថ្មីនេះដែរ ខាងនិយោជកអាចប្រឈមនឹងការពិន័យជាសាច់ប្រាក់រហូតដល់ ៦៣ ០០០ ដុល្លារ ប្រសិនបើរកឃើញថាបានទាក់ទងទៅបុគ្គលិកជុំវិញហេតុផលមិនចាំបាច់ណាមួយក្រៅម៉ោងការងាររបស់ពួកគេ។
ថ្លែងប្រាប់ Australian Broadcasting Corp. កាលពីថ្ងៃទី ២៦ ខែសីហា លោកនាយករដ្ឋមន្ត្រី Anthony Albanese បានបន្ថែមឱ្យដឹងទៀតថា៖ «បើសិនគ្រប់គ្នាមិនទទួលបានប្រាក់ ២៤ ម៉ោងក្នុងមួយថ្ងៃ ដូចនេះពួកគេក៏មិនត្រូវធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃដែរ។ សម្រាប់ជនជាតិអូស្ត្រាលីភាគច្រើន ខ្ញុំគិតថាពួកគេមានការធុញថប់ចិត្តខ្លាំងដែលពួកគេត្រូវរំពឹងឱ្យពិនិត្យទូរស័ព្ទ អ៊ីម៊ែលអីហ្នឹង ២៤ ម៉ោងក្នុងមួយថ្ងៃនោះ។ និយាយទៅវាជាបញ្ហាប៉ះពាល់សុខភាពផ្លូវចិត្ត»។
គួរឱ្យដឹងថា ប្រទេសអូស្ត្រាលីបានដើរតាមប្រទេសមួយចំនួនដូចជាបារាំង អេស្ប៉ាញ និង ប៊ែលហ្ស៊ិក ក្នុងការដាក់ចេញច្បាប់ឱ្យពលរដ្ឋមានសិទ្ធិក្នុងការផ្ដាច់ទំនាក់ទំនងក្រៅម៉ោងការងាររបស់ពួកគេ ស្របពេលរដ្ឋាភិបាលក្នុងប្រទេសមួយចំនួនផ្សេងទៀតលើពិភពលោកក៏កំពុងពិចារណាលើវិធានការប្រហែលគ្នានេះ៕
ប្រភព៖ 9GAG