មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាស្ថាបនិកវ័យក្មេងជាច្រើនបានលេចមុខជាបន្តបន្ទាប់។ ពួកគេសុទ្ធសឹងជាបុគ្គលជាន់ថ្មីប្រកបដោយ ថាមពល ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ សំខាន់កាន់កាប់សុទ្ធតែជំនួញធំៗ។ ជាក់ស្តែង ដូចជាបុរសសង្ហា ៣ រូបជាមិត្តនឹងគ្នា ពួកគេមិនត្រឹមតែមានចំណេះដឹង និង សមត្ថភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជំនួញលើវិស័យផ្សេងៗ ពោរពេញដោយសក្តាដានុពលផងដែរ។
១. លោក អ៊ឹង ស៊ីវឈន់
លោក អ៊ឹង ស៊ីវឈន់ ជាអគ្គនាយកប្រតិបត្តិនៃទឹកស្ព្រីងប្រូវីដា។ លោកត្រូវបានគេស្គាល់ជាកូនប្រុសរបស់ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង លោកជំទាវ ហេង សុខា។ ថ្វីត្បិតក្មេងវ័យ តែអគ្គនាយកប្រតិបត្តិសមត្ថភាពខ្ពស់រូបនេះ អាចដឹកនាំក្រុមហ៊ុនរីកចម្រើនក្នុងរយៈពេលដ៏ខ្លី។ ជារឿយៗ លោកតែងសកម្មនៅក្នុងសកម្មភាពជួយសង្គមនានាផងដែរ។ ថ្មីៗនេះ កាលពីខែកក្កដាកន្លងទៅ លោកទើបបើកសម្ពោធភោជនីយដ្ឋាន Omakase ប្រណីតមួយឈ្មោះថា Hangetsu Phnom Penh ស្ថិតនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។
២. លោក គួច វរ្ម័ន
លោក គួច វរ្ម័ន បានបញ្ចប់ការសិក្សាផ្នែកនយោបាយ និង ទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដ៍។ ក្នុងវ័យ ២៣ ឆ្នាំ លោកជានាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារពេទ្យ និង ផលិតផលឱសថ។ លោកក៏ជាសហស្ថាបនិក ដែលបង្កើត UpNext និង Gymworks ផងដែរ។ ជាក់ស្តែង UpNext ជាគេហទំព័រផ្សព្វផ្សាយ និង ជាស្ថាប័ន ផ្តោតទៅលើការធ្វើបដិវត្តកីឡា និង ផ្តល់ឱកាសអាជីពកីឡាសម្រាប់យុវជនកម្ពុជា។ ចំណែកឯ Gymworks ផ្តោតទៅលើសម្លៀកបំពាក់កីឡាគុណភាពខ្ពស់ និង ផលិតផលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។
៣. លោក Richard Yim
លោក Richard Yim ឬ យឹម ប្រសិទ្ធីឫទ្ធិ ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Quantum Engineering and Manufacturing ដែលជាក្រមហ៊ុនផ្គត់ផ្គង់លោហធាតុ និង ដំឡើងម៉ាស៊ីនគ្រឿងចក្រធំមួយនៅកម្ពុជា។ សហស្ថាបនិករូបនេះ បានបង្កើតក្រុមហ៊ុនកាលពីឆ្នាំ ២០២០ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងមានទីផ្សារខ្លាំងពីបណ្តាក្រុមហ៊ុនធំៗទាំងក្នុង និង ក្រៅប្រទេស។ លោកក៏ត្រូវបានគេស្គាល់ដែរថា ជាកូនខ្មែរដំបូងដែលបានបង្កើតរ៉ូបូតដោះគ្រាប់មីនដំបូងគេនៅលើពិភពលោក៕