ចូលរួមទាំងអស់គ្នា! នៅថ្ងៃទី ១៣ នឹងមានកម្មវិធីពិព័រណ៍សិល្បៈសប្បុរសធម៌ និង ការដេញថ្លៃ ដើម្បីជួយកុមារ ឆលី និង កុមារៗកម្ពុជាកើតជំងឺមហារីក
កាលពីរសៀលថ្ងៃ ០៨ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅមជ្ឈមណ្ឌល LIXIN CEO លោក ព្រហ្ម ពន្លឺ សិល្បករគំនូរសហសម័យមកពីខេត្តសៀមរាប បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍សិល្បៈសប្បុរសធម៌ និង ការដេញថ្លៃ ក្រោមប្រធានបទ «Infinity» ដើម្បីស្វែងរកមូលនិធិបន្ថែម សម្រាប់ការព្យាបាលជំងឺមហារីកខួរក្បាលរបស់កុមារ ឆលី ដែលត្រូវជាកូនប្រុសរបស់លោក។
ពិព័រណ៍សិល្បៈសប្បុរសធម៌ និង ការដេញថ្លៃនេះ នឹងប្រព្រឹត្តឡើងនៅល្ងាចថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល LIXIN CEO និង TRIBE Cambodia។
លោក ព្រហ្ម ពន្លឺ បានលើកឡើងថា កន្លងមកកម្មវិធីមូលនិធិសម្រាប់កុមារ ឆលី បានធ្វើម្តងរួចមកហើយ ប៉ុន្តែដោយសារការព្យាបាលដំណាក់កាលបន្ទាប់មានតម្លៃថ្លៃ លោកមិនមានលទ្ធភាពគ្រប់គ្រាន់ ទើបសម្រេចចិត្តបង្កើតព្រឹត្តិការណ៍នេះមួយទៀតឡើង។ លោកថាកន្លងមកលោកបានចំណាយលើការព្យាបាលអស់ទឹកប្រាក់ប្រមាណ ១៤ ម៉ឺនដុល្លារ ហើយសម្រាប់ការព្យាបាលបន្ទាប់អាចត្រូវចំណាយពី ៤-៥ ម៉ឺនដុល្លារ។ នេះមិនរាប់បញ្ចូលចំណាយលើការស្នាក់នៅ ហូបចុក និង ធ្វើដំណើរនោះទេ។
ទាក់ទិននឹងស្ថានភាពរបស់កុមារ ឆលី លោក ព្រហ្ម ពន្លឺ ដែលត្រូវជាឪពុកបានឱ្យដឹងថា មកទល់ពេលនេះ ឆលី បានព្យាបាលដំណាក់កាល ៣ ធំៗ។ ដំណាក់កាលទី ១ វះកាត់ខួរក្បាល (ជោគជ័យ), ដំណាក់កាលទី ២ ព្យាបាលដោយបាញ់កាំរស្មី (ជោគជ័យ) និង ដំណាក់កាលទី ៣ បញ្ចូលគីមី ជាដំណាក់កាលចុងក្រោយ។
ការចូលរួមកម្មវិធីពិព័រណ៍សិល្បៈសប្បុរសធម៌ និង ការដេញថ្លៃនេះ ភ្ញៀវអាចជាវសំបុត្រសម្រាប់ការចូលរួម ដែលមានតម្លៃត្រឹមតែ ៨ ដុល្លារប៉ុណ្ណោះ។ សំបុត្រមានរាប់បញ្ចូលភេសជ្ជៈឥតគិតថ្លៃ ជាមួយអាហារសម្រន់ឆ្ងាញ់ពិសា។ មានការសម្តែងរបាំជូនពរ ការច្រៀងចម្រៀង និង ការដើរបង្ហាញម៉ូដរបស់កូនសិស្សមកពីសាលា Lotus Dance Studio។ ជាពិសេស ស្នាដៃសិល្បៈដើមជាង ៣០ ដែលត្រូវបានបរិច្ចាគដោយសិល្បករជាតិ និង អន្តរជាតិល្បីឈ្មោះនៅកម្ពុជា នឹងបើកឱ្យដេញថ្លៃនៅក្នុងព្រឹត្តិការណ៍តែម្តង។
ថវិកាទាំងអស់ដែលប្រមូលបានពីការលក់សំបុត្រ និង ស្នាដៃសិល្បៈនឹងត្រូវបរិច្ចាគទៅកាន់កុមារ ឆលី ដែលកើតជំងឺមហារីកដំណាក់កាលទី ៤ និង កុមារកម្ពុជាផ្សេងៗទៀតដែលកើតជំងឺមហារីកផងដែរ៕