តស់ជិតសែនព្រះខែហើយ! ចែកគ្នាដឹងពីគ្រឿងតង្វាយ វិធីសែន និង ម៉ោងល្អសម្រាប់សែន ដើម្បីនាំលាភសំណាង
ពិធីបុណ្យសែនព្រះខែឆ្នាំនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈពិធីបុណ្យមួយនេះគេនិយមធ្វើឡើងជារៀងរាល់ឆ្នាំក្នុងថ្ងៃព្រះចន្ទពេញបូណ៌មី ជាថ្ងៃដែលព្រះចន្ទមានពន្លឺខ្លាំងក្លាជាងគេក្នុងរយៈពេលមួយឆ្នាំ។
កៀកថ្ងៃសែនដែលនឹងខិតជិតមកដល់ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយមួយរូបនៅកម្ពុជាតែងចែករំលែកពីចំណេះដឹងហុងស៊ុយក្នុងការរស់នៅ ក៏ដូចជារបៀបរបបវិធីសែននានា បានចែករំលែកនូវចំណេះដឹងពីការសែនព្រះខែនេះ ពោលគឺវិធីសែន គ្រឿងតង្វាយ និង ម៉ោងពេលសម្រាប់សែនដូចខាងក្រោម ៖
+ គ្រឿងតង្វាយ សែនពេលយប់៖
១. ផ្កាឈូកចំនួន ៨ ដើម ១ ថូ
២. ទឹកតែ ចំនួន ៣ កែវ
៣. ត្រាវស្ងោរ ១ ចាន ធំ ត្រូវពុះជាពីរ/កូនត្រាវកុំពុះ
៤. ក្រូចថ្លុង ១ គូ
៥. ផ្លែប៉ោម ក្រហម ៥ ផ្លែ ១ ចាន
៦. ផ្លែទទឹម ៥ ផ្លែ ១ ចាន
៧. ផ្លែសារី ៥ ផ្លែ ១ ចាន
* សម្រាប់ផ្លែឈើទាំងបីមុខនេះ ក៏អាចដាក់ចូល ១ ចានបានដូចគ្នា
៨. នំព្រះម៉ែ ឬ នំកោរសែនព្រះខែ ១ នំ តូចធំមិនជាបញ្ហា
៩. អំពៅកាត់ជាកង់ៗប្រវែង ១ ចំអាមដៃមនុស្សធំ ៦ កង់
១០. គ្រឿងបួស (ជីឆាយ ១ បន្ទះ + មីសួ ១ ដុំ + ពពុះសណ្តែក ៦ ដើម + ផ្សិតក្រៀម ៧ ដុំ) ដាក់ ១ ចាន។
១១. ម្នាស់ ១ គូ
១២. គ្រឿងសំអាង ១ ឈុត (ម្សៅ ក្រែម កញ្ចក់ កន្សែង)
១៣. ទៀនក្រហម ចំនួន ៥ ដើម ឬ កែវ ដាក់លើតុតែម្តង
១៤. ទឹកស្អាត ១ ផ្តិល ដាក់ផ្កាម្លិះ ដាក់ទឹកអប់
១៥. ឈុតក្រដាសសែន ១ ឈុត អាចជាវពីលោកគ្រូបាន
សែនថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ចន្លោះម៉ោង ០៨ យប់ ដល់ម៉ោង ១១ យប់ ហើយម៉ោងល្អបំផុតគឺ ៩:០៩ នាទីយប់។
+ គ្រឿងសែនពេលព្រឹក
សែនមុខផ្ទះ + ទេវតាចង្ក្រានបាយ + សែនកុងម៉ា និង សែនជំនាងផ្ទះ
១. នំព្រះខែ ស្នូលអ្វីក៏បានដែរ
២. នំកោរ ស្នូលអ្វីក៏បានដែរ
៣. នំពារ ស្នូលអ្វីក៏បានដែរ
៤.ទឹកតែក្តៅ ៣ កែវ
៥. ធូបអុច ៣ សរសៃ សម្រាប់មនុស្សម្នាក់
៦. ទៀនក្រហម ១ គូ
បើរៀបចំកន្លែងជំនាងផ្ទះ ប្តូរចំនួនទឹកតែដល់ ៥ កែវ និង ធូបអុចម្នាក់ ៥ សរសៃ វិញគឺបានហើយ។ សែនពេលព្រឹក ចន្លោះម៉ោង ០៦ ព្រឹក ដល់ម៉ោង ០៩ ព្រឹក ម៉ោងល្អបំផុត ៧:២៥ នាទីព្រឹក៕
ប្រភព ៖ ហុងស៊ុយ