នៅថៃ! មានករណីពេទ្យឱ្យកូនច្រឡំ កុំតែឪពុកប្លែកចិត្តហើយរវៀសសុំធ្វើ DNA កុំអីខុសកូនដូចក្នុងរឿងបាត់
ថ្មីៗនេះ មានករណីមួយកំពុងតែផ្ទុះការរិះគន់វែកញែកពេញបណ្តាញសង្គមក្នុងប្រទេសថៃ បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះរឿងរ៉ាវរបស់ខ្លួនដែលមានប្រពន្ធទើបសម្រាលកូនរួច ហើយត្រូវខាងមន្ទីរពេទ្យធ្វេសប្រហែស ច្រឡំយកកូនអ្នកដទៃមកឱ្យ ទាល់តែសុំធ្វើ DNA ទើបដឹងថាការពិត។
បុរសរូបនេះបានឱ្យដឹងថា កូនស្រីរបស់ខ្លួនបានកើតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ តែដោយសារតែកូនមានអាការដកដង្ហើមលឿនពេក ទើបត្រូវគ្រូពេទ្យយកទៅព្យាបាលនៅបន្ទប់ផ្សេង ដែលត្រូវដាក់ថ្នាំចំនួន ៧ ថ្ងៃ។
បុរសខាងលើបានបន្តថា រូបគេបានទៅមើលកូនរាល់ថ្ងៃជាធម្មតាខណៈកូននៅបន្ទប់ព្យាបាលនោះ ហើយក៏បានថតរូបឱ្យទុកផងដែរ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅពេលខ្លួនទៅមើលកូនម្តងទៀត ស្រាប់តែឃើញថាមុខមាត់កូនរបស់ខ្លួនមានការប្រែប្រួលខុសធម្មតាយ៉ាងចម្លែក។ ក្នុងនោះ កូនមានសក់ខ្លីជាងមុន ចិញ្ចើមក៏លែងមាន ស្លាកឈ្មោះក៏បាត់ ដល់សួរគ្រូពេទ្យប្រាប់ថាមុខក្មេងប្រែប្រួលរាល់ថ្ងៃជារឿងធម្មតា រីឯស្លាកឈ្មោះអាចនឹងបាត់ពេលងូតទឹក។
បុរសរូបនេះ ក៏បានទទួលយកកូនមកផ្ទះវិញ តែក៏នៅតែមិនអស់ចិត្ត ព្រោះមើលយ៉ាងណាក៏មិនមែនជាកូនរបស់ខ្លួន ទើបបានផុសរូបឱ្យមហាជននៅតាមបណ្តាញសង្គមជួយមើល ទើបម្នាក់ៗណែនាំឱ្យធ្វើតេស្ត DNA។ ដំបូងឡើយ បុរសរូបនេះក៏បានទាក់ទងទៅខាងមន្ទីរពេទ្យម្តងទៀត ហើយក៏បានតេស្តឈាមសាកល្បងសិន ទើបដឹងថាកូនដែលនៅនឹងដៃ គឺមិនមែនជាកូនរបស់ខ្លួនឡើយ ព្រោះខ្លួនមានឈាមប្រភេទ AB រីឯប្រពន្ធមានឈាមប្រភេទ A តែក្មេងមានឈាមប្រភេទ B។
បុរសរូបនេះ ពិតជាខឹងខ្លាំងណាស់ ហើយក៏បានដាក់កំហិតឱ្យខាងមន្ទីរពេទ្យរកកូនរបស់ខ្លួនឱ្យទាល់តែឃើញ ចុងក្រោយទើបដឹងថាកូនរបស់ខ្លួនបានច្រឡំជាមួយនឹងកូនរបស់គ្រួសារជនជាតិមីយ៉ាន់ម៉ាមួយ។ ដោយឡែក លទ្ធផលតេស្ត DNA ក៏បានបញ្ជាក់ឱ្យដឹងរួចរាល់ថាក្មេងម្នាក់ណាជាកូនស្រីបង្កើតរបស់ខ្លួន ហើយបុរសរូបនេះក៏បានទារជំងឺចិត្តពីខាងមន្ទីរពេទ្យចំនួន ៦០០០ ដុល្លារផងដែរ៕
ប្រភព៖ Sanook