មិនគួររំលង! ថ្ងៃសៅរ៍នេះ សិល្បករជនជាតិហ្វីលីពីន Mikey នឹងបង្ហាញស្នាដៃគំនូរ «Let’s Eat!» ពណ៌នាពីជីវិតអ្នកលក់អាហារលើដងវិថីនៅភ្នំពេញ
នៅថ្ងៃសៅរ៍ ទី ២១ ខែកញ្ញានេះ កម្មវិធីតាំងពិព័រណ៍គំនូរក្រោមប្រធានបទ «Let’s Eat!» ឬ «តោះញុំា» នឹងធ្វើការបង្ហាញសា្នដៃដ៏គួរឱ្យចាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងពីការភ្ជាប់ទំនាក់ទំនងស៊ីជម្រៅរវាង អាហារ និង វប្បធម៌ ជាស្នាដៃរបស់សិល្បករជនជាតិហ្វីលីពីន លោក Michael Santiago ឬត្រូវបានគេស្គាល់ថា Mikey ។ កម្មវិធីនេះ លោកអ្នកនឹងបានស្វែងយល់អំពីរបៀបដែលម្ហូបប្រពៃណីកំណត់អត្តសញ្ញាណ, បង្កើនទំនាក់ទំនង និង ភាសាសកលនៃអាហារ។
សិល្បករ Michael Santiago បានមករស់នៅ និង ធ្វើការនៅកម្ពុជាអស់រយៈពេលប្រមាណ ១៧ ឆ្នាំមកហើយ។ ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅទីក្រុងភ្នំពេញ បានបណ្តាលឱ្យលោកផុសគំនិតបង្កើតសិល្បៈគំនូរ ដោយដកស្រង់ពីវប្បធម៌អាហារលើដងវិថីដ៏រស់រវើក និង ការអបអរជីវិតប្រចាំថ្ងៃដែលពិតជាក់ស្តែង និង សាមញ្ញ។ លោកបានជួបអ្នកលក់ជាច្រើនដូចជា ពូ មីង និង បងស្រី ដែលពាក្យនេះពិតជាមានឥទ្ធិពលខ្លាំង ទៅលើការបង្កើតមុខម្ហូបដើម្បីជារបបផ្គត់ផ្គង់គ្រួសារ និង សហគមន៍របស់ពួកគេ។ តាមរយៈការជំរុញចិត្តនេះ លោកបានបង្កើតខូឡិកហ្សិនគំនូរពណ៌ទឹកជាច្រើនផ្ទាំង ដែលពណ៌នាពីអ្នកលក់ និង រឿងរ៉ាវពិតនៅពីក្រោយពួកគេ។
ការតាំងពិព័រណ៍ «Let’s Eat!» អ្នកចូលទស្សនានឹងបានស្វែងយល់អំពីរឿងរ៉ាវ នៅពីក្រោយអាហារលើដងវិថី រួមជាមួយនឹងការពុះពារ ក៏ដូចជាឥទ្ធិពលរុញច្រានចិត្ត ដែលអ្នកលក់បាននាំយកអាហារឈ្ងុយឆ្ងាញ់មកកាន់ដងវិថីរាជធានីភ្នំពេញ។
គួរឱ្យដឹងដែរថា ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលរចនា STOR-Y ធ្វើឡើងនៅ វិចិត្រសាល Synopsis ចាប់ពីម៉ោង ៤ ល្ងាច ដល់ ម៉ោង ៧ យប់។ កម្មវិធីមានការចូលរួមពីភ្ញៀវសំខាន់ៗដូចជា អ្នកតំណាងមកពីជួររដ្ឋាភិបាល ទូតសុច្ឆន្ទៈ សិល្បករ និង បុគ្គលជាច្រើនទៀតមកពីវិស័យហ្វេហ្សិន ច្នៃប្រតិដ្ឋ និង ប្រព័ន្ធផ្សព្វផ្សាយ។ ជារួម លោកអ្នកមិនត្រឹមតែបានស្វែងយល់អំពីស្នាដៃសិល្បៈថ្មីប៉ុណ្ណោះទេ តែថែមទាំងមានឱកាសភ្ជាប់បណ្តាញផងដែរ។ សម្រាប់អ្នកមានបំណងចង់ចូលរួម អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ (+855) 69 827 369៕