ប្រុងប្រៀបផងអ្នកខេត្តក្រចេះ តាមការព្យាករណ៍ទន្លេមេគង្គ នឹងហក់ឡើងដល់កម្ពស់ជិត ២១ ម៉ែត្រ ក្នុងពេល ៣-៥ ថ្ងៃខាងមុខ
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការបង្ការ និង ឆ្លើយតបសង្គ្រោះបន្ទាន់អំពីគ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ។
តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ និង ការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និង ប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងហក់ឡើងដល់កម្ពស់ ២០,៩៧ ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។
ស្ថានភាពនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និង ជំនន់ទន្លេមេគង្គគ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។
ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និង ត្រូវម្ចាស់ការ ឬ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និង ក្រុមគ្រួសារទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានលិខិតនៅខាងក្រោម ៖