ប្រុងប្រយ័ត្នផង! ព្រឹកនេះ ទឹកហូរកាត់ផ្លូវល្បឿនលឿន ម្ដុំគីឡូលេខ ១៦៨ ទិសដៅព្រះសីហនុ-ភ្នំពេញ
នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានទឹកហូរកាត់លើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ ១៦៨ ជាទិសដៅធ្វើដំណើរ ពីទឹកដីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ជាដំណឹងដែលអ្នកត្រូវធ្វើដំណើរ ក៏ដូចជាអ្នកត្រូវឆ្លងកាត់តាមទិសដៅខាងលើ គួរត្រូវប្រុងប្រយ័ត្ន បង្ការការកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ការជូនដំណឹងអំពីស្ថានភាពទឹកហូរកាត់ផ្លូវល្បឿនលឿននេះផងដែរ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ ឡេង ប៊ុននី-LENG BUNNY ដែលបានបង្ហាញពីស្ថានភាពផ្លូវនាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ភ្ជាប់ជាមួយសារថា ៖ «ទឹកហូរកាត់លើផ្លូវល្បឿនលឿន គីឡូលេខ ១៦៨ ទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ សូមប្រុងប្រយ័ត្ន»។
ក្នុងនោះផងដែរ បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់តាមបណ្តាញសង្គមថា នៅវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ ក្នុងនោះកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ៕