ស្ដែងៗច្បាស់ៗ! ឆ្មាំសមុទ្រអាមេរិក ទម្លាយវីដេអូដំបូងនៃបំណែកនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate
ឆ្មាំសមុទ្រសហរដ្ឋអាមេរិក ថ្មីៗនេះបានធ្វើការទម្លាយវីដេអូស្ដែងៗដំបូងនៃការរុករកឃើញបំណែកនៃនាវាមុជទឹក Titan ក្រោយទម្លាយពាក្យពេចន៍ចុងក្រោយនៃជនរងគ្រោះលើនាវានោះ។
អំឡុងពេលធ្វើសន្និសីទកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ខាងឆ្មាំសមុទ្រអាមេរិក បានទម្លាយបង្ហាញបន្ថែមនូវភស្តុតាងថ្មីជុំវិញការផ្ទុះនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលបានសម្លាប់អ្នកនៅក្នុងនាវាទាំងអស់រួមមាន CEO ក្រុមហ៊ុន OceanGate ផ្ទាល់ លោក Stockton Rush អ្នកជំនួញសញ្ជាតិអង់គ្លេស Hamish Harding អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និង កូនប្រុស Suleman និងចុងក្រោយគឺអតីតនាវិកបារាំង Paul-Henri Nargeolet។
ក្នុងពេលធ្វើសន្និសីទនោះ ខាងឆ្មាំសមុទ្រអាមេរិកបានទម្លាយពាក្យពេចន៍ចុងក្រោយរបស់ជនរងគ្រោះលើនាវាមុជទឹកនោះ ដោយពួកគេបាននិយាយថា «គ្រប់យ៉ាងរលូនល្អ»» មុនពេលអ្នកដំណើរទាំង ៥ នាក់ត្រូវជួបសោកនាដកម្មរហូតបាត់បង់អាយុជីវិតនេះ។ ក្រោយមកទៀតថ្មីៗនេះ ខាងឆ្មាំសមុទ្រដដែលក៏បានទម្លាយវីដេអូចុះទៅបាតសមុទ្រដើម្បីរកបំណែកនាវាមុជទឹក ដែលនេះគឺជាវីដេអូច្បាស់ៗដំបូងបង្ហាញឱ្យឃើញបំណែកនាវានោះមានសភាពយ៉ាងម៉េចក្រោយពេលផ្ទុះហើយនោះ។
គួររំឭកថា បុគ្គលល្បីៗទាំង ៥ រូបខាងលើបាននាំគ្នាជិះនាវាមុជទឹក Titan ដើម្បីចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិចនាបាតមហាសមុទ្រអាត្លង់ទិច។ យ៉ាងណាមិញ នាវាមុជទឹកមួយនេះបានដាច់ការទាក់ទងក្រោយផ្ដល់សញ្ញាឱ្យគ្នាលើកចុងក្រោយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយក្រោយមកខាងឆ្មាំសមុទ្រអាមេរិកក៏បានប្រកាសថា នាវាមុជទឹកមួយគ្រឿងនោះបានជួបសោកនាដកម្មផ្ទុះក្នុងបាតសមុទ្រទៅហើយ៕