នៅកោះរ៉ុងសន្លឹម មានភ្លៀងធ្លាក់ខ្លាំង កន្លែងខ្លះទឹកជន់ច្រោះដីបណ្ដាលឱ្យស្រុតគ្រឹះផ្ទះពលរដ្ឋ ដាច់ផ្លូវឆ្នេរ និង រលំបង្គោលភ្លើង
ជារឿងដ៏គួរឱ្យព្រួយបារម្ភ នៅមុននេះបន្តិច ក្នុងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ នាតំបន់មួយចំនួន នៅក្នុងសង្កាត់កោះរ៉ុងសន្លឹម មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជន់ច្រោះបាក់ស្រុតគ្រឹះផ្ទះប្រជាពលរដ្ឋមួយចំនួន ព្រមទាំងហូរច្រោះដាច់ផ្លូវឆ្នេរ និង ដួលរលំបង្គោលភ្លើងមួយចំនួនផងដែរ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បាននាំគ្នាចុះអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋភ្លាមៗ ព្រមទាំងបានណែនាំបងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសមិនល្អ មានភ្លៀង ខ្យល់ និង រលកសមុទ្រខ្ពស់។
សូមរំឭកផងដែរថា នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឱ្យបានដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និង ភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និង របបខ្យល់មូសុងនិរតី មានឥទ្ធិពលខ្លាំងលើកម្ពុជា ដែលជះឥទ្ធិពលដល់តំបន់មាត់សមុទ្រ ដែលផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែលរួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ៕
ប្រភព និង រូបភាព ៖ Huy Bunleng News