ណាត់គ្នាទៅថតរូប! ស្អែកនេះ ទូតបារាំងនៅកម្ពុជា បើកឱ្យពលរដ្ឋចូលទស្សនាដោយសេរី ពីព្រឹកដល់ល្ងាច
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថានទូតបារាំងប្រចាំកម្ពុជា បានជូនដំណឹងដល់អ្នកចូលចិត្តធម្មជាតិ និង ការថតរូប ឱ្យបានដឹងថា ក្នុងទិវាបេតិកភណ្ឌអឺរ៉ុប នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វាឱ្យចូលទស្សនាកម្សាន្តដោយសេរី ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល (បើអាកាសធាតុអំណោយផល)។
ព្រឹត្តិការណ៍នេះផងដែរ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់អំពីស្ថានទូត ដែលពោរពេញដោយប្រវត្តិសាស្រ្ត និង ជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ។ នៅទីនោះ ជាជម្រកនៃជីវៈចម្រុះ ដែលមានមានដើមឈើជាង ២០០ ដើមត្រូវជាប្រមាណ ៥០ ប្រភេទ និង សត្វប្រមាណ ៣០ ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និង សត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥ ពោលគឺកាលពីជិត ៥០ ឆ្នាំមុន។
សូមបញ្ជាក់បន្ថែមផងដែរថា ការទស្សនាធ្វើឡើងដោយសេរី និង មិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ក្នុងនោះ កាបូបធំៗ និង របស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និង ត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និង ខ្លះទៀតជាស្មៅ៕