(វីដេអូ) ជ្រះថ្លាណាស់! ម្ហូបអាហារកាន់បិណ្ឌសម្បូរពេញពាស ព្រះសង្ឃវត្តអារញ្ញសាគរនៅសៀមរាប និមន្តតាមរ៉ឺម៉ក ដឹកចែកជូនញាតិញោមខ្វះខាតតាមភូមិ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាតប្រកបដោយចិត្តជ្រះថ្លា បន្ទាប់ពីបានឃើញសកម្មភាព ព្រះសង្ឃនៅក្នុងវត្តអារញ្ញសាគរ ខេត្តសៀមរាប បាននិមន្តតាមរ៉ឺម៉ក ចែកចង្ហាន់ដែលញាតិញោមប្រគេន ទៅកាន់អ្នកខ្វះខាតនៅក្នុងភូមិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២៤ នេះ។
ជាក់ស្ដែងតាមរយៈផេក Wat AranhSakorវត្តអារញ្ញសាគរ បានបង្ហោះវីដេអូប្រមាណជិត ៣ នាទី នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ បង្ហាញពីសកម្មភាពព្រះសង្ឃវត្តអារញ្ញសាគរ យកចង្ហាន់ដែលញាតិញោមប្រគេនក្នុងឱកាសកាន់បិណ្ឌ ចែកជូនទៅដល់អ្នកខ្វះខាត ដោយភ្ជាប់ជាមួយសារ ៖ «ព្រះចៅអធិការវត្តអារញ្ញសាគរ បានយកម្ហូបមួយចំណែក ដែលបានពីញាតិញោមយកមកប្រគេនព្រះសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌទៅចែកដល់ញាតិញោមដែលខ្វះខាត»។
តាមរយៈសកម្មភាពដ៏ជ្រះថ្លា ក្រោមការដឹកនាំពីព្រះចៅអធិការវត្តអារញ្ញសាគរ ដែលស្ថិតក្នុងខេត្តសៀមរាបនេះ បានធ្វើឱ្យញាតិញោមសម្ដែងការគោរពសរសើរដោយសេចក្ដីជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤ នេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖