រូបគំនូរ IShowSpeed និង សុគា គីមលាង ដែលកំពុងផ្ទុះល្បី ជាស្នាដៃរបស់សិល្បករខ្មែរកម្ពុជាក្រោមរូបនេះ
ប៉ុន្មានថ្ងៃមុន តាមរយៈការ Live របស់ Youtuber ដ៏ល្បីឈ្មោះ IShowSpeed នៅតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហ្វេនៗកម្ពុជាបានសម្រុកចោមរោមចង់ឃើញ និង សុំហត្ថលេខាយ៉ាងកុះករ។ នៅនាទីចុងក្រោយ ជិតបិទការ Live ទៅហើយ ក្នុងនោះ សុគា គីមលាង ដែលគេស្គាល់ថាជានាដកា និង តារាសម្តែង នាងបានជ្រៀតចូលទាំងខ្លួនកំពុងគ្រងឈុតបុរាណរហូតបានជួប បាននិយាយ បានសុំហត្ថលេខា និង ឱ្យកាបូបរូបទង់ជាតិខ្មែរទៅកាន់ Youtuber រូបនេះផងដែរ។
ជាមួយរូបភាពបង្ហាញអត្តសញ្ញាណទៅកាន់ភ្នែកអន្តរជាតិ វិចិត្រករមួយរូបឈ្មោះ ស៊ីមេត ដែលកំពុងរស់នៅទឹកដីកម្ពុជាក្រោម ក៏បានគូរចេញជារូបគំនូរឌីជីថល បង្ហោះនៅលើបណ្តាញសង្គម ធ្វើឱ្យមហាជនកម្ពុជាមានការពេញចិត្ត និង អរគុណជាខ្លាំង។
ជាក់ស្តែង រូបគំនូរមួយសន្លឹកមាន IShowSpeed កាន់កាបូបរូបទង់ជាតិកម្ពុជា និង សុគា គីមលាង លើកដៃសំពះអរគុណដោយទឹកមុខញញឹម វិចិត្រកររូបនេះបានសរសេរថា៖ «មិនដឹងថាគាត់ជាអ្នកណាទេ ប៉ុន្តែសកម្មភាពនេះរបស់ព្រះនាងខ្មែរស្អាតណាស់ ទើបខ្ញុំគូររូបនេះឡើង។ អរគុណ Sokea Kimleang ដែលតែងតែបង្កើតនូវទង្វើដ៏ថ្លៃថ្នូរជាច្រើនដែលធ្វើឱ្យខ្មែរមានមោទកភាព»។
ស៊ីមេត ជាកូនកាត់ខ្មែររស់លើកទឹកដីកម្ពុជាក្រោម លោកជាមនុស្សម្នាក់ដែលស្រលាញ់ និង ចាប់អារម្មណ៍សិក្សានូវអ្វី ដែលទាក់ទងនឹងប្រពៃណីវប្បធម៌ខ្មែរ។ ជាពិសេស សិល្បៈគំនូររបស់លោកតែងផ្សារភ្ជាប់មកជាមួយអត្តសញ្ញាណជាតិយើងជានិច្ច។
បើនិយាយអំពីប្រវត្តិរបស់ ស៊ីមេត លោកបានចាប់ផ្តើមស្រលាញ់គំនូរតាំងពីអាយុ ៤ ឆ្នាំ។ ស៊ីមេត បានរៀនគូរគំនូរពីឪពុករបស់ខ្លួន ដែលគំនូរដំបូងនោះគឺគំនូរផ្កាឈូករ័ត្ន។ ចាប់ពីពេលនោះមក ស៊ីមេត នៅតែចងចាំ និង ចាប់យកសិល្បៈគំនូររហូតមកដល់សព្វថ្ងៃ។ ស៊ីមេត បានធ្វើការងារសិល្បៈជាច្រើន ជាមួយប្រធានបទសំខាន់ៗទាក់ទងនឹងវប្បធម៌ខ្មែរ ដែលជារឿយៗ លោកតែងយកគំនូរបង្ហាញពីវប្បធម៌ខ្មែរទៅចូលរួមក្នុងការប្រកួតជាច្រើននៅប្រទេសវៀតណាម ហើយក៏ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ន លោកជាសិល្បករគំនូរឯករាជ្យ មានវ័យ ២៣ ឆ្នាំ និង កំពុងរស់នៅខេត្តឃ្លាំងខ្មែរក្រោម៕