បាត់កូនពីផ្ទះយូរ ស្មានថាកូនលង់ទឹក ម្តាយផ្អើលឆោឡោស្រែកយំឱ្យគេជួយរក ចុងក្រោយកូនលេចមុខមកធ្លោជាមួយមិត្តភក្ដិ
ពិតជារឿងដែលគួរឱ្យហួសចិត្តមួយ ដែលកំពុងផ្ទុះការចែកចាយនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ ដោយមានម្តាយមួយរូប ឃើញកូនប្រុសបាត់យូរពេក ស្មានថាកូនលង់ទឹក ខំផ្អើលឆោឡោស្រែកយំឱ្យគេតាមជួយរកពេញភូមិ ដល់ចុងក្រោយស្រាប់តែកូនលេចមុខ ទើបតែមកពីដើរលេងរកត្រីជាមួយមិត្តភក្តិ។
ហេតុការណ៍មួយនៅបានកើតឡើងនៅក្នុងខេត្តឆាក់ឈើងសៅ ប្រទេសថៃ ដោយតាមឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថានៅក្នុងភូមិកំពុងតែផ្អើលឆោឡោពេញទៅដោយអ្នកសង្រ្គោះផង និង ប៉ូលិសផង ដោយម្នាក់ៗបានចុះទៅរ៉ាវទឹកនៅក្នុងប្រឡាយ ដើម្បីតាមរកក្មេងប្រុសម្នាក់ ដែលម្តាយជឿថាបានលង់ទឹក ព្រោះបានបាត់ខ្លួនពីផ្ទះយូរទៅហើយ។
ស្រាប់តែសុខៗក៏មានក្មេង ៣ នាក់បានដើរឱបកគ្នាចូលមកក្នុងភូមិដោយទឹកមុខងឿងឆ្ងល់ ហើយក្នុងចំណោមនោះ គឺមានក្មេងប្រុសម្នាក់ ដែលគេកំពុងតែផ្អើលរកនោះឯង។ ស្រ្តីជាម្តាយកាលបើឃើញកូនដើរចូលមក ក៏ពួយសម្តីស្តីបន្ទោសទៅមួយអស់ចិត្ត ទើបក្រោយមកបានបង្ហូរទឹកភ្នែក ហើយឱបកូនដោយក្តីសប្បាយចិត្ត។ ដោយឡែក សម្រាប់អ្នកភូមិ ព្រមទាំងប៉ូលិសវិញក៏បានធូរចិត្ត ព្រោះក្មេងនៅមានសុវត្ថិភាព ហើយក៏បានប្រដៅក្មេងឱ្យចេះប្រាប់ម៉ែឪមុននឹងចេញក្រៅផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod