ទីបំផុត! អ្នកវិទ្យាសាស្ត្រថា រកឃើញប្រភពដើមនៃជំងឺកូវីដ-១៩ ហើយ មិនមែនធ្លាយចេញពីមន្ទីរពិសោធន៍ទេ
សារព័ត៌មាន Dailymail បានចេញផ្សាយថា អ្នកវិទ្យាសាស្ត្រជឿជាក់ថាពួកគេបានរុករកឃើញប្រភពដើមនៃការផ្ទុះឆ្លងជំងឺកូវីដ-១៩ ហើយ និង ថែមទាំងបដិសេធលើការលើកឡើងថា វីរុសនេះធ្លាយចេញមកពីមន្ទីរពិសោធន៍។
តាមការសិក្សាអន្តរជាតិដ៏ធំមួយដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅបានជឿជាក់ថា វីរុសកូវីដបានចាប់ផ្ដើមផ្ទុះឆ្លងឡើងនៅផ្សារលក់ត្រីសាច់នាក្រុងវ៉ូហាន ប្រទេសចិន ជាជាងតាមអ្វីដែលលើកឡើងថាវាធ្លាយចេញពីមន្ទីរពិសោធន៍។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការតេស្តសំណាក់ហ្សែនរបស់សត្វដែលលក់ក្នុងផ្សារនៅវ៉ូហានកាលពីឆ្នាំ ២០១៩ នោះ ដោយលទ្ធផលរកឃើញថាសត្វមួយចំនួនមានផ្ទុកវីរុសកូវីដ។ ពួកគេបានបញ្ជាក់ទៀតថា នេះជាលើកទីមួយហើយដែលអ្នកវិទ្យាសាស្ត្របានកំណត់ប្រភេទសត្វដែលអាចនឹងជាប្រភពចម្លងវីរុសនោះមកកាន់មនុស្ស។
ការសិក្សាដដែលបានលើកឡើងទៀតថា សត្វ reccoon អាចជាប្រភពចម្បងគេក្នុងការផ្ទុកវីរុសមួយនេះ ហើយចំពោះសត្វផ្សេងទៀតរួមមាន សត្វសំពោចពណ៌លាត (Masked paim civet) សត្វកណ្តុរឫស្សី (Hoary bamboo rats) និង សត្វកាំប្រមា ក៏រកឃើញមានផ្ទុកវីរុសកូវីដ-១៩ ផងដែរ មុនពេលជំងឺនេះរាលដាលឆ្លងមកមនុស្ស។
យ៉ាងណាមិញ លោកស្រី Florence Debarre អ្នកស្រាវជ្រាវសញ្ជាតិបារាំងដែលដឹកនាំលើការសិក្សានេះបានសង្កត់បញ្ជាក់ដែរថា ឈ្មោះសត្វដែលបានរៀបរាប់មុននេះមិនមែនជាបញ្ជីឈ្មោះច្បាស់លាស់មែនទែននោះទេ ព្រោះថាប្រភេទសត្វសំខាន់ៗមួយចំនួនជាច្រើនទៀតត្រូវបានបោសសម្អាតចេញពីទីផ្សារនោះទៅហើយ មុនពេលក្រុមភ្នាក់ងារសុខាភិបាលចិនចូលទៅដល់។ ដោយឡែក អ្នកវិទ្យាសាស្ត្រក៏កត់បញ្ជាក់ដែរថា ភាគច្រើននៃករណីឆ្លងកូវីដ-១៩ ដែលកើតនៅក្រុងវ៉ូហាន គឺជាកម្មករនៅក្នុងផ្សារលក់ត្រីសាច់មួយនោះ៕
ប្រភព៖ Dailymail