សៀមរាបយើងល្បីទៀតហើយ! វីដេអូនារីអាកាសចរមួយរូប បង្ហាញតំបន់ទេសចរណ៍ក្នុងទឹកដីអង្គរ ធ្វើឱ្យបរទេសរំភើបត្រៀមណាត់គ្នាមកលេង
កម្ពុជាយើងកាន់តែសុសសាយទៀតហើយទៅកាន់ពិភពលោក! ថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានបង្ហោះវីដេអូពាណិជ្ជកម្មមួយ ដែលបង្ហាញពីបទពិសោធមកកម្សាន្តនៅខេត្តសៀមរាប ទឹកដីអង្គរ។ គួរឱ្យចាប់អារម្មណ៍ខ្លាំង នៅក្នុងវីដេអូនេះគេបានបង្ហាញយ៉ាងច្បាស់នូវកន្លែងទេសចរណ៍សំខាន់ៗ ជាពិសេស សកម្មភាពកម្សាន្ត និង ការស្វែងយល់ពីសិល្បៈវប្បធម៌ដ៏សម្បូរបែប។
ជាវីដេអូក្នុងយុទ្ធនាការ Beyond The Cabin រដូវកាលទី ២ នៅក្នុងវីដេអូនេះ នារីបម្រើការលើយន្តហោះម្នាក់ឈ្មោះ Jae-Yenn នឹងនាំអ្នកគ្រប់គ្នាទៅទទួលយកបទពិសោធកម្សាន្ត ក៏ដូចជាស្វែងយល់ពីសិល្បៈវប្បធម៌ក្នុងខេត្តសៀមរាប។ នាងបានឆ្ពោះទៅកន្លែងសំខាន់ៗរួមមាន៖ តំបន់ប្រាសាទអង្គរវត្ត, កន្លែងសម្តែងរបស់ក្រុមស្គរនារី មេធា នៅវត្តរាជបូណ៌, ការសម្តែងល្ខោនស្រមោលស្បែក, គុនល្បុក្កតោ, មជ្ឈមណ្ឌលហត្ថកម្មសច្ចៈ, ល្ខោនសៀកកម្ពុជាហ្វារ, ប្រាសាទបាយ័ន និង រោងមហោស្រពអប្សរា Angkor Village Apsara Theatre។
ក្រោយវីដេអូបង្ហោះមិនបានប៉ុន្មាននាទី ឃើញថាមហាជនលើបណ្តាញសង្គម ទាំងបងប្អូនខ្មែរយើង និង បរទេស បាន Share ចែកចាយជាហូរហែ។ បរទេសខ្លះថែមទាំង Mention ណាត់មិត្តភក្តិរៀបគម្រោងមកកម្សាន្តកម្ពុជាឆាប់ៗទៀតផង។ អាចថានេះជាចំណែកមួយទៀត ដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក ហើយក៏ធ្វើឱ្យទេសចរអន្តរជាតិឆ្ពោះមកកម្សាន្ត រុញច្រានឱ្យវិស័យទេសចរណ៍យើងរីកចម្រើនបន្ថែមទៀតផងដែរ៕