ក្មេងប្រុសអាយុ ៧ ឆ្នាំ ចេះតែមានក្លិនស្អុយចេញពីច្រមុះប្លែកៗ ពេលម៉ែឪនាំទៅពេទ្យ ប្រទះឃើញដែកគោលឡើងដុះស្នឹម
ថ្មីៗនេះ សារព័ត៌មាន ETtoday បានរាយការណ៍ឱ្យដឹងពីករណីរបស់ក្មេងប្រុសជនជាតិចិន វ័យ ៧ ឆ្នាំម្នាក់ ដែលមានច្រមុះកើតក្លិនស្អុយចម្លែកៗ ដល់ឪពុកម្តាយនាំទៅពេទ្យ ស្រាប់តែឃើញមានដែកគោលឡើងស្នឹមនៅក្នុងនោះ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ បានចាប់ផ្តើមធុំក្លិនស្អុយប្លែកនៅក្នុងច្រមុះរបស់គេតាំងពី ២ ឆ្នាំមុនមកម្ល៉េះ តែរកមូលហេតុមិនឃើញ ក៏ចេះតែហីទុកចោល។ លុះយូរៗទៅ ក្លិនស្អុយនោះក៏កាន់តែខ្លាំងលើសដើម រហូតមកដល់ថ្ងៃសែនលោកខែកន្លងទៅនេះ ខាងគ្រួសារក៏បានបញ្ជូនក្មេងប្រុសទៅកាន់មន្ទីពេទ្យ ដើម្បីត្រួតពិនិត្យមើល។
យ៉ាងណាមិញ គ្រូពេទ្យបានពិនិត្យឃើញថាមានវត្ថុអ្វីម្យ៉ាងកំពុងជាប់នៅក្នុងរន្ធច្រមុះខាងស្តាំរបស់ក្មេងប្រុស ហើយដោយសារតែវានៅជ្រៅខ្លាំងពេក ទើបធ្វើឱ្យការយកចេញហាក់មានការលំបាកបន្តិច ប៉ុន្តែចុងក្រោយគ្រូពេទ្យនៅតែព្យាយាមទាល់តែបានសម្រេច។ យ៉ាងណាមិញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល វត្ថុនោះនៅពេលយកចេញមកសម្អាត តាមពិតគឺវាដែកគោល ដែលឡើងស្នឹមខ្មៅ ហើយវាបាននៅក្នុងច្រមុះរបស់ក្មេងប្រុសជាង ២ ឆ្នាំមកហើយ៕
ប្រភព៖ ETtoday, Sanook