យន្តហោះមួយគ្រឿងត្រូវបង្ខំចុះចតភ្លាមៗ ក្រោយអ្នកដំណើររកឃើញកណ្ដុររស់ក្នុងម្ហូបកំពុងញ៉ាំ
ជើងហោះហើរមួយរបស់ក្រុមហ៊ុន Scandinavian Airlines (SAS) ដែលហោះចេញពីក្រុង Oslo ប្រទេសន័រវែសទៅកាន់ក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបង្ខំចុះចតភ្លាមៗនៅក្រុង Copenhagen ប្រទេសដាណឺម៉ាក ក្រោយអ្នកដំណើរម្នាក់រកឃើញសត្វកណ្ដុររស់មួយក្បាលក្នុងអាហាររបស់គេកំពុងញ៉ាំ។
ជាវិធានការការពារទុកជាមុន យន្តហោះខាងលើត្រូវបង្ខំបកក្រោយចុះចតវិញភ្លាមៗកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។ ថ្លែងប្រាប់សារព័ត៌មាន BBC អ្នកនាំពាក្យឱ្យក្រុមហ៊ុន SAS បាននិយាយថា ដោយសារការពារសុវត្ថិភាពនៃអ្នកដំណើរ និង បុគ្គលិករបស់យើង ទើបយើងត្រូវបង្ខំចិត្តបកក្បាលចុះចតបែបនេះ។ អំឡុងពេលចុះចតនោះដែរ យន្តហោះក៏បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដើម្បីរកសត្វកណ្តុរមួយក្បាលនោះផងដែរ។
ជាមួយគ្នានោះដែរ ខាងក្រុមហ៊ុនជើងហោះហើរដដែលក៏បានបញ្ជាក់ដែរថា យន្តហោះរបស់ពួកគេជាធម្មតាគឺត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ណាស់លើពពួកសត្វកណ្ដុរនេះ ព្រោះតែពួកវាអាចខាំកាត់ខ្សែភ្លើងលើយន្តហោះ។ អ្នកនាំពាក្យក្រុមហ៊ុន SAS បានបន្តទៀតថា៖ «រឿងរ៉ាវដែលបានកើតឡើងនេះពិតជាកម្រមែនទែន។ ពួកយើងបានដាក់វិធានការតឹងរ៉ឹងលើស្ថានភាពបែបនេះ ដោយក្នុងនោះរួមមានទាំងការត្រួតពិនិត្យឡើងវិញជាមួយអ្នកផ្គត់ផ្គង់របស់យើងដើម្បីធានាថារឿងបែបនេះនឹងមិនកើតមានឡើងម្ដងទៀត»៕
ប្រភព៖ 9GAG