ថ្ងៃចុងក្រោយ! ទោះមេឃរលឹមផ្សែងក្រូចតិចៗ ក៏មានមនុស្សម្នាណែនក្ដន់ ក្រោកពីព្រលឹមស្រាងៗរង់ចាំមើលព្រឹត្តិការណ៍សមរាត្រីមុខអង្គរវត្ត
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍សមរាត្រី ឬ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ខណៈសមរាត្រីប្រចាំឆ្នាំលើកទី ២ នេះ មានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។
ដ្បិតថាថ្ងៃនេះជាថ្ងៃចុងក្រោយ តែព្រឹកមិញនេះ ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នាខាងមុខប្រាង្គប្រាសាទអង្គរវត្ត ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាមានផ្ទៃមេឃជួនមានភ្លៀងរលឹមតិចៗ ជួនរលឹមផ្សែងក្រូចក្តី ក៏ប្រជាពលរដ្ឋ និង ទេសចរជាតិ អន្តរជាតិ ក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្តនាព្រឹកព្រលឹមដែលមានសម្រស់ដោយឡែក និង ធាតុអាកាសត្រជាក់ស្រេង។
គួរឱ្យដឹងផងដែរថា រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សរុបជិត ៤ ម៉ឺននាក់ ដែលបានចូលទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖
ប្រភពរូបភាព ៖ ក្រសួងព័ត៌មាន