ភ្លៀងធ្លាក់ខ្លាំង ៣ ថ្ងៃជាប់គ្នា ផ្លូវជាច្រើននៅកូរ៉េខាងត្បូងត្រូវលិចលង់ដូចទន្លេ ចំណែកពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ភ្នាក់ងារឧតុនិយមប្រចាំប្រទេសកូរ៉េ (KMA) បានប្រកាសថា តំបន់នៅភាគកណ្ដាល និង ភាគខាងត្បូងប្រទេសមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ ថ្ងៃជាប់ (ថ្ងៃទី ១៩-២១) បណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និង មនុស្ស ១៥០១ នាក់ផ្សេងទៀតត្រូវបង្ខំឱ្យជម្លៀសខ្លួនភ្លាមៗ ខណៈតាមដងផ្លូវ និង ផ្ទះសម្បែងមួយចំនួនធំតាមតំបន់ជាច្រើនកំពុងលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ។
តំបន់រងការវាយប្រហារខ្លាំងក្លាជាងគេគឺនៅតាមជាយសមុទ្រ។ ជាក់ស្ដែង នៅតាមតំបន់ភ្នំលើកោះជេជូ មានភ្លៀងធ្លាក់ខ្លាំងក្នុងបរិមាណជាង ៧៧០ មីលីម៉ែត្រ ហើយនៅក្រុង Yeosu ខេត្ត South Jeolla មានភ្លៀងធ្លាក់ក្នុងកម្រិត ៤០០ មីលីម៉ែត្រក្នុងពេលវេលាដូចគ្នានោះ។ ដោយឡែកនៅក្រុង Changwon ខេត្ត South Gyeongsang មានភ្លៀងធ្លាក់ក្នុងកម្រិត ៥៣០ មីលីម៉ែត្រ ដោយក្នុងនោះត្រឹមតែថ្ងៃទី ២១ ខែកញ្ញាមួយថ្ងៃ មានភ្លៀងធ្លាក់ក្នុងបរិមាណ ៣៩៨ មីលីម៉ែត្រទៅហើយ ដែលនេះចាត់ទុកជាការធ្លាក់ភ្លៀងដ៏ខ្លាំងក្លាបំផុតក្នុងពេលត្រឹម ១ ថ្ងៃរាប់គិតតាំងពីដើមឆ្នាំនេះមក។ ភ្លៀងធ្លាក់ខ្លាំងបែបនេះកើតមានឡើងរាល់ ២០០ ឆ្នាំម្ដង នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារ KMA។
ក្នុងនោះដែរ នៅថ្ងៃទី ២១ ខែកញ្ញា កប៉ាល់ ៧៧ គ្រឿងធ្វើដំណើររវាងតំបន់ភាគខាងត្បូង ត្រូវបានជាប់គាំង ខណៈផ្លូវទឹកចំនួន ៥៥ ត្រូវបិទចោលដោយសារតែការពារហានិភ័យនៃរលកធំៗ និង ខ្យល់បោកបក់ខ្លាំង។ បន្ថែមពីនេះ ជើងហោះហើរជាច្រើនក៏ត្រូវបានលុបចោល និង មធ្យោបាយតាមផ្លូវដែកមួយចំនួនត្រូវផ្អាកដូចគ្នា។
គួរឱ្យដឹងថា គ្រោះធម្មជាតិនេះដែរបណ្ដាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និង ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ តាមរបាយការណ៍ទទួលបានពីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការខូចខាតដូចជា ការលិចលង់ផ្លូវមានចំនួន ១០៧ ករណី ការរអិលបាក់ដីមានចំនួន ២១ ករណី ផ្ទះពលរដ្ឋ ១៧០ ខ្នងត្រូវបានលិចលង់ និង ដីស្រែចម្ការជាង ៤១០០ ហិកតាត្រូវទឹកជន់លិចអស់៕
ប្រភព៖ VN Express