ផ្អើលឆោឡោពេញយន្តហោះ ក្រោយបារីអេឡិចត្រូនិចក្នុងកាបូបអ្នកដំណើរម្នាក់ផ្ទុះឆេះហុយផ្សែងពេញកាប៊ីន
ថ្មីៗនេះ មានហេតុការណ៍ផ្ទុះឆេះមួយកើតមានឡើងលើយន្តហោះរបស់ EasyJet ដែលត្រៀមនឹងហោះចេញពីកោះ Crete ទៅកាន់ព្រលានយន្តហោះ London Gatwick ប្រទេសអង់គ្លេស រហូតបណ្ដាលឱ្យអ្នកដំណើរជាង ២០០ នាក់លើយន្តហោះផ្អើលស្លន់ឆោឡោ នាំគ្នាជម្លៀសខ្លួនចេញពីយន្តហោះភ្លាមៗ។
តាមទិដ្ឋភាពក្នុងវីដេអូដែលថតបានសកម្មភាពចលាចលលើយន្តហោះនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញឱ្យឃើញអ្នកដំណើរជាច្រើននាំគ្នាចេញពីយន្តហោះលោតចុះតាម slide អាសន្ន។ បើតាមសាក្សីនៅលើយន្តហោះពេលកើតហេតុបានរៀបរាប់ថា ពួកគេបានឃើញភ្លើងព្រាកៗអមដោយសំឡេងផ្ទុះលាន់ខ្លាំង ហើយក៏មានសាយភាយផ្សែងខ្មៅឡើងមកពេញកាប៊ីន បណ្ដាលឱ្យអ្នកដំណើរអង្គុយក្នុងកាប៊ីននាំគ្នាស្លន់ស្លោភ័យខ្លាចមានបញ្ហាធ្ងន់ធ្ងរអ្វីកើតមានឡើង។ បើតាមបុគ្គលិកលើយន្តហោះបានបញ្ជាក់ថា ហេតុការណ៍នោះកើតឡើងដោយសារ power bank និង បារីអេឡិចត្រូនិចរបស់អ្នកដំណើរម្នាក់បានផ្ទុះក្នុងកាបូប។
គួរឱ្យដឹងថា មនុស្សសរុបលើយន្តហោះចំនួន ២៣៦ នាក់ត្រូវបានជម្លៀសចេញពីក្នុងយន្តហោះតាមការណែនាំ ហើយអ្នកដំណើរទាំងអស់នោះក៏ត្រូវរង់ចាំរហូតដល់ទៅ ៩ ម៉ោងទម្រាំបានដូរជើងយន្តហោះថ្មីផងដែរ។ តាមសារព័ត៌មាន Daily Mail បានបញ្ជាក់ដែរថាក្នុងហេតុការណ៍ខាងលើ មិនមានអ្នកដំណើរណាម្នាក់បានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយអ្នកដំណើរខ្លះគ្រាន់រងការរលាកតិចតួចពេលទម្លាក់ខ្លួនចុះតាម slide អាសន្ន។ ក្រោយហេតុការណ៍មិនបានប៉ុន្មាន ប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេតលើករណីនេះផងដែរ៕
ប្រភព៖ Dailymail