មិនលេងសើចទេ! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះ ប្រឈមកើតជំងឺវង្វេងវង្វាន់
ការចូលចិត្តយកដៃកេះច្រមុះ អាចបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ នេះបើតាមការសិក្សារលើកឡើងដោយអ្នកវិទ្យាសាស្ត្រអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៅលើហានិភ័យដែលអាចពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់។
តាមការចេញផ្សាយមួយលើ American Journal of the Medical Sciences នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានលើកឡើងថា ការយកដៃកេះច្រមុះអាចជាកត្តាហានិភ័យធ្ងន់ធ្ងរមួយក្នុងការវិឌ្ឍន៍ទៅរកជំងឺវង្វេងវង្វាន់។
ជាក់ស្ដែង ក្នុងការស្រាវជ្រាវបច្ចុប្បន្ន បើទោះជានៅមានកម្រិតក្ដីប៉ុន្តែនៅតែលើកបញ្ជាក់ថា បាក់តេរីដែលបញ្ជូនពីម្រាមដៃទៅក្នុងច្រមុះអាចឆ្លងកាត់ចូលទៅក្នុងខួរក្បាល និង បង្កទៅជាការរលាក។ ការរលាកនេះហើយដែលអាចធ្វើឱ្យកោសិកាខួរក្បាលខូចបន្តិចម្ដងៗរហូតអាចឈានទៅដល់ការកើតមានជំងឺវង្វេងវង្វាន់បាន។
របាយការណ៍នៃការសិក្សាខាងលើក៏បានលើកឡើងទៀតថា ការកេះច្រមុះក៏អាចធ្វើឱ្យខូចស្រទាប់ច្រមុះ ដែលធ្វើឱ្យវាងាយស្រួលសម្រាប់ពពួកមីក្រូសរីរាង្គមិនល្អចូលក្នុងរំហូរឈាម និង បណ្ដាលឱ្យមានការរលាកបន្ថែម និង កាន់តែបន្ថែមហានិភ័យនៃការកើតមានជំងឺវង្វេង។
ជាមួយគ្នានោះដែរ ខាងអ្នកស្រាវជ្រាវបានលើកឡើងដែរថា ដើម្បីបញ្ចៀសហានិភ័យនៃការកើតជំងឺមួយនេះ គួរណាស់តែឧស្សាហ៍សម្អាតដៃជាប្រចាំ នេះប្រសិនបើយើងពិបាកកែទម្លាប់កេះច្រមុះនេះ៕
ប្រភព៖ Independent