ជួនកាលគូយើងនៅវត្ត! នៅកូរ៉េ ព្រះសង្ឃជំរុញឱ្យអ្នក Single នាំគ្នាទៅវត្ត ដើម្បីឆាប់ដល់គូ
Jogye sect of Korean Buddhism (កូរ៉េខាងត្បូងកាន់សាសនាព្រះពុទ្ធបែប Jogye) បានលើកទឹកចិត្តឱ្យអ្នកដែលនៅលីវអាយុលើស ៤០ឆ្នាំ មិនទាន់រកគូជីវិតឃើញ នាំគ្នាមកស្នាក់នៅចំណាយពេលនៅក្នុងវត្តដើម្បីអាចជាស្ពានជួយនាំពួកគេឱ្យរកឃើញគូព្រេង។
កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ សាលាពុទ្ធសាសនា Jogye Order បានប្រកាសថា ពួកគេកំពុងស្វែករកអ្នកចូលរួមក្នុងកម្មវិធីណាត់ជួប (dating program) មួយដែលហៅថា «I’ll Go to the Temple»។ គួរឱ្យដឹងថា កម្មវិធីណាត់ជួប «I’ll Go to the Temple» នេះ ដំបូងឡើយបង្កើតឡើងផ្ដោតទៅលើអ្នកនៅលីវអាយុចន្លោះ ២០ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានផ្លាស់ប្ដូរវិញ។ អ្នកដែលចង់ចូលរួមត្រូវតែជាអ្នកមិនធ្លាប់រៀបការ និង កើតចន្លោះថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៧៥ និង ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៨៤។
តាមគណៈកម្មការវត្តបានទម្លាយថា អ្នករៀបចំកម្មវិធីខាងលើទទួលបានការស្នើសុំចូលរួមយ៉ាងច្រើនពីពលរដ្ឋនៅលីវអាយុលើស ៤០ ឆ្នាំ ដូច្នេះហើយកម្មវិធីផ្គូផ្គងគូស្នេហ៍នៅពេលខាងមុខនឹងផ្ដោតសំខាន់លើក្រុមមនុស្សក្នុងវ័យនេះ។ អ្នករៀបចំកម្មវិធីនឹងធ្វើការជ្រើសរើសបុរស ១០ នាក់ និង ស្ត្រី ១០ នាក់ឱ្យស្នាក់នៅរយៈពេល ១ យប់ ២ ថ្ងៃ នៅវត្ត Hwagye ក្នុងស្រុក Gangbuk ក្រុងសេអ៊ូលនៅថ្ងៃទី ០៥ និង ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុងកម្មវិធីនោះ អ្នកដែលបានជ្រើសរើសនឹងមានឱកាសចូលរួមក្នុងសកម្មភាពធម្មតាៗជាច្រើនដើម្បីអាចស្គាល់គ្នាបានល្អ។
តាមសង្ឃដីការបស់ព្រះតេជគុណ Myojang ប្រចាំសាលា Jogye Order បានឱ្យដឹងថា កម្មវិធីផ្គូផ្គងរកគូក្នុងវត្តនេះអាចជួយដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតនៅក្នុងប្រទេសបានមួយចំណែកដែរ។ គួរបញ្ជាក់ថា ពលរដ្ឋកូរ៉េភាគច្រើនជឿជាក់ថាការស្វែងរកដៃគូនៅក្នុងវត្តគឺជាការនាំរឿងល្អៗឱ្យខ្លួន និង នាំពរជ័យក្នុងរឿងស្នេហាផងដែរ៕
ប្រភព៖ VN Express