នៅថៃ! កំពុងជក់មើលកុនសុខៗ ត្រូវពស់ចឹកនៅក្នុងរោងកុនប៊ិះអស់បុណ្យ តែខាងរោងកុនកិកកុកមិនចង់ទទួលខុសត្រូវ
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែផ្ទុះការវែកញែកយ៉ាងខ្លាំង ទៅលើករណីរបស់នារីម្នាក់ដែលត្រូវពស់ចឹកនៅក្នុងរោងកុន ប៊ិះនឹងអស់ជីវិត តែខាងរោងកុនមិនចង់ទទួលខុសត្រូវទៀត។
នារីរងគ្រោះខាងលើនេះ មានវ័យ ២៧ ឆ្នាំ នាងបានចេញមុខទម្លាយរឿងរ៉ាវនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយនាងបានរៀបរាប់ឱ្យដឹងថា ហេតុការណ៍បានកើតឡើងតាំងពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ នៅក្នុងរោងកុនល្បីមួយកន្លែង។ នៅថ្ងៃនោះ នាងបានចូលទៅមើលកុនជាមួយនឹងគ្រួសារ ដោយពាក់ស្បែកជើងផ្ទាត់ នៅពេលរឿងជិតចប់ ស្រាប់តែនាងមានអារម្មណ៍ថាមានសត្វអ្វីម្យ៉ាងបានវារកាត់ជើងរបស់នាង ក្រោយមកក៏មានអារម្មណ៍ថាសត្វនោះបានខាំជើងរបស់នាង ធ្វើឱ្យនាងស្រែកផ្អើលរោងកុនតែម្តង។
ដោយសារតែឃើញមានស្នាមដូចជាមិនធម្មតា នាងក៏បានប្រញាប់ទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយខាងគ្រូពេទ្យបានសន្និដ្ឋានថាស្នាមនេះអាចបង្កឡើងពីសត្វមានចង្កូមមានពិស ជាពិសេសសត្វពស់។ ក្នុងនោះ នាងបានទៅចរចារជាមួយនឹងខាងរោងកុន ដើម្បីទារសំណងការព្យាបាលចំនួន ២៥ ០០០ បាត ស្មើនឹងប្រហែល ៧៦៦ ដុល្លារ តែខាងរោងកុនប្រាប់ថាមិនជឿថាជាសត្វពស់ខាំឡើយ អាចជាសត្វកណ្តុរ ហើយស្នើសំណងត្រឹមតែ ៦ ០០០ បាត ឬស្មើប្រមាណ ១៨៣ ដុល្លារប៉ុណ្ណោះ។ ដោយឡែក ខាងនារីរងគ្រោះមិនសុខចិត្តឡើយ ទើបនាងចេញមុខមកទម្លាយ និង ទាមទាររកយុត្តិធម៌នៅក្នុងករណីនេះ៕
ប្រភព៖ Matichon